គួច ខេវិន បកអាក្រាតបុរសម្នាក់ ក្រោយចេញមុខបើកផលិតកម្មឆ្លងដែនឡើងវិញ ដោយអះអាងជាកូនម្ចាស់ផលិតកម្ម
មហាជនជាពិសេសអ្នកគាំទ្រមានអាយុល្បាក់ខ្ទង់ ៣០ ឆ្នាំ ច្បាស់ជានៅចងចាំច្បាស់ផលិតកម្មឆ្លងដែន ជាផលិតកម្មជួរមុខនៅកម្ពុជា ដែលបានផលិតចម្រៀងល្បីៗជាច្រើនទៅកាន់ក្រៅប្រទេស។ កាលនោះគេចាំបានថា ផលិតកម្មឆ្លងដែនមានភាពល្បីល្បាញខ្លាំងកាលអំឡុងឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០០០ ដោយមានការដឹកនាំដោយលោក ធឹង សុន ជាចាងហ្វាង តែគួរឱ្យសោកស្តាយ លោកបានទទួលមរណភាពបាត់ហើយកាលពីឆ្នាំ ២០១៧។
យ៉ាងណាមិញ កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មឆ្លងដែន បានចាប់ផ្តើមបញ្ចេញសកម្មភាព និង បញ្ជាក់ថាផលិតកម្មនឹងវិលត្រលប់មកកំដរអារម្មណ៍មហាជនជាថ្មីវិញ ដោយមានកូនប្រុសរបស់លោក ធឹង សុន ជាអ្នកស្នងតំណែង។
ក្រោយពីផលិតកម្មខាងលើបានបញ្ចេញសកម្មភាព និង មានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ពីអ្នកស្នងតំណែងបើកផលិតកម្មឆ្លងដែនជាថ្មី មានឈ្មោះថា ម៉ានី នោះ ស្រាប់តែលោក ខួច ខេវិន បានចេញមុខមកបង្ហោះសារអស់សំណើច និង រៀបរាប់លើកឡើងថា លោក ធឹង សុន មានកូនប្រុសតែ ៣ នាក់នោះទេ ដោយពួកគាត់កំពុងរស់នៅឯសហរដ្ឋអាមេរិក។ រីឯបុរសចេញមកអះអាងជាកូនប្រុស និង ស្នងបើកផលិតកម្មជាថ្មីនេះ មិនដឹងជាអ្នកណាឱ្យប្រាកដនោះឡើយ។
តាមសំណេរនោះ លោក គួច ខេវិន រៀបរាប់ថា ៖ «អស់សំណើច hehehe! អាក្អូនម្នាក់នេះបាននិយាយប្រាប់គេថា ៖ រូបគេជាកូនប្រុសរបស់លោកអ៊ំ ធឹង សុន ដែលពុំទាំងដឹងថាឪពុកអាយុប៉ុន្មាន នៅពេលដែលគាត់ទទួលអនិច្ចកម្ម? ហើយបច្ចុប្បន្នរូបគេជាអ្នកស្នងមរតកផលិតកម្មឆ្លងដែន Chlangden Production ដែលល្បីល្បាញតាំងតែពីទសវត្សរ៍ឆ្នាំ ៨០ មកម្ល៉េះ។
បើគយគន់ទៅមើលរូបឆោមរបស់បុរសនេះ ធៀបគ្នាទៅនឹងលោកអ៊ំ ធឹង សុន ឬ ជាមួយនឹងកូនៗរបស់លោក ធឹង សុន ៣ នាក់ កំពុងរស់នៅអាមេរិក គឺដូចគ្នាមេឃហើយ និង ដី?។ តាមពិតទៅលោកអ៊ំ ធឹង សុន មានកូនតែ ៣ នាក់គត់ និង មានទំនាក់ទំនងយ៉ាងស្និទ្ធជាមួយខ្ញុំដូចបងប្អូនបង្កើត។
ទោះជាខ្ញុំចាកចេញពីអាមេរិកក្រែលឆ្នាំហើយក្តី ក៏យើងនិយាយគ្នាបានព្រឹកល្ងាច! ហើយ ៣ នាក់នោះបដិសេដថា មិនស្គាល់អន្ទិតម្នាក់ហ្នឹងទាល់សោះ។ បើកូនបង្កើតមិនស្គាល់បងប្អូនបង្កើត តើមានបងៗប្អូនៗតារាចម្រៀង ដែលធ្លាប់ច្រៀងឱ្យផលិតកម្មឆ្លងដែនណាខ្លះស្គាល់អន្ទិតម្នាក់នេះថាជាកូនលោកអ៊ំ ធឹង សុន? មេត្តាជួយប្រាប់ផង!។
តាំងតែពីមុនលោកអ៊ំ ធឹង សុន អនិច្ចកម្ម ខ្ញុំបានទទួលសិទ្ធិពេញលេញក្នុងការផលិត និង ដំណើរការផលិតកម្មឆ្លងដែន បន្ទាប់ពីលោក ណាំ គឹមឡេង គ្រប់គ្រងផលិតកម្មរស្មីនាគមាស ដែលបំបែកចេញពីផលិតកម្មឆ្លងដែន (មិនបាច់បញ្ជាក់ឆ្នាំ ព្រោះបទចម្រៀងដែលដាក់ឈ្មោះខ្ញុំដឹកនាំផលិតមានរាប់ពាន់បទ) តែខ្ញុំមិនដែល មិនធ្លាប់ស្គាល់អាក្អូនម្នាក់ហ្នឹងទាល់សោះ ឬ អត់អាលីងហ្មងថាជាកូនលោកអ៊ំ ធឹង សុន? មើលទៅ គិតទៅ ពិចារណាទៅ! ខ្ញុំអស់សំណើច! ប៉ុន្តែបើយោងទៅរកទិដ្ឋភាពផ្លូវច្បាប់ ទំនងជាពិបាកសើចចំពោះករណីនេះ! បើឈប់បានឈប់ទៅ? ហើយសុំទោសសាធារណជនផង ណាអាក្អូន!»៕