លីវ ជីលី ប្រាប់ថាហត់ចិត្ត ហត់កាយ សឹងបាក់ទឹកចិត្តម្ដងៗ ក្រោយឈ្នះមកុដ MSC 2023 បាន ៣ ថ្ងៃ
មហាជនអ្នកគាំទ្របវរកញ្ញា លីវ ជីលី Miss Grand Cambodia ២០២០ បានជ្រាបហើយកាលពីរាត្រីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ កញ្ញាទើបតែសម្រេចក្ដីស្រមៃមួយទៀតក្នុងវិស័យបវរកញ្ញា ដោយបានឈ្នះមកុដ Miss Supranational Cambodia ២០២៣។
ក្រោយពីទទួលបានតំណែងជាម្ចាស់ជ័យលាភីគ្រងមកុដ MSC 2023 បាន ៣ ថ្ងៃ ពោលមកដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៣ នេះ គេឃើញបវរកញ្ញា លីវ ជីលី បានបង្ហោះសារបង្ហាញពីអារម្មណ៍រំភើប និង មោទកភាពចំពោះតំណែងដែលខ្លួនទទួលបាននេះ។ ជាមួយគ្នានេះដែរ ម្ចាស់មកុដ MSC 2023 រូបនេះ ក៏បានរៀបរាប់ឱ្យដឹងថា នេះជាលើកចុងក្រោយហើយសម្រាប់តំណែងជាម្ចាស់មកុដដែលនាងទទួលបានថ្មីនេះ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺ លីវ ជីលី ម្ចាស់មកុដរូបនេះ បានទម្លាយអារម្មណ៍ថាពេលនេះកំពុងហត់ចិត្ត ហត់កាយ សឹងតែបាក់ទឹកចិត្តម្ដងៗទៀតផង។
ក្នុងនោះ លីវ ជីលី បានសរសេរសារលើគណនីហ្វេសប៊ុករៀបរាប់ថា ៖ «ខ្ញុំមានអារម្មណ៍រំភើប និង មានមោទកភាព ដែលទទួលបានដំណែងមួយនេះជាលើកចុងក្រោយសម្រាប់ខ្ញុំហើយ (ហត់ចិត្ត ហត់កាយ ពេលខ្លះក៏សឹងបាក់ទឹកចិត្តម្តងៗ) ហើយពេលនេះ ខ្ញុំបានក្រឡេកឃើញថាវិស័យមួយនេះបានរីកចម្រើន មានទំពាំងស្នងឫស្សីក៏ច្រើនហើយដែរ ខ្ញុំនឹងបំពេញក្តីស្រមៃខ្ញុំ (មួយផ្សេងទៀត) ហើយក៏សង្ឃឹមថាអូនៗជំនាន់ក្រោយជោគជ័យលើវិស័យបរវកញ្ញាមួយនេះឱ្យប្រទេសរបស់យើងកាន់តែល្បីនៅលើឆាកអន្តរជាតិ អ្វីដែលខ្ញុំលះបង់ គឺដើម្បីបងប្អូន និង ប្រទេសជាតិ ជាចុងក្រោយខ្ញុំនឹងខិតខំបំពេញតួនាទីមួយនេះឱ្យបានល្អបំផុត និង ឱ្យអស់ពីសមត្ថភាពដែលខ្ញុំមាន (Strong girl) believe myself I can do it Everything for people and for my country»៕