ស្រាយមន្ទិលមហាជនរឿង ឡៅ បញ្ញា មិនដោះមកុដផ្ទេរឱ្យ វន សិលា ម្ចាស់តំណែងថ្មី
ក្រោយពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ១ ខែកន្លងមក កម្មវិធី Mister Supranational Cambodia ឆ្នាំ ២០២៣ បានស្វែងរកឃើញម្ចាស់មកុដថ្មីបន្តពីលោក ឡៅ បញ្ញា ដែលជាម្ចាស់តំណែងឆ្នាំ ២០២២ ហើយ គឺបានទៅលើបេក្ខភាពតំណាងឱ្យខេត្តពោធិ៍សាត់ លោក វន សិលា។
បន្ទាប់ទទួលបានតំណែងភ្លាម គេឃើញថាមានមហាជនជាច្រើនបានបញ្ចេញមតិអបអរសាទរដល់លោក វន សិលា ដែលក្លាយជាបុរសឯកកម្ពុជាបន្ទាប់នាឆ្នាំនេះ។ អ្វីដែលសំខាន់មហាជនបានសរសើរមិនដាច់នូវរូបសម្បត្តិដ៏ស្រស់សង្ហា និង ភាពឆ្លាតវៃរបស់បុរសឯករូបនេះ។ គួររំឭកឱ្យដឹងផងថា មុនប្រកួតឈ្នះកម្មវិធី Mister Supranational Cambodia 2023 អ្នកកំលោះ វន សិលា គឺធ្លាប់ជាម្ចាស់តំណែង Mister Cambodia រដូវកាលទី ៣ ឆ្នាំ ២០១៩។
ទន្ទឹមនឹងមានការបញ្ចេញមតិអបអរចំពោះម្ចាស់តំណែងថ្មីហើយ ងាកទៅមើលលោក ឡៅ បញ្ញា ម្ចាស់តំណែង Mister Supranational Cambodia 2022 វិញ ធ្វើឱ្យផ្ទុះការវិភាគវែកញែកជាខ្លាំង ខណៈដែលមហាជនពុំឃើញលោកដោះមកុដដែលពាក់នៅលើក្បាលរបស់ខ្លួនប្រគល់ជូនទៅម្ចាស់មកុដថ្មីឡើយ ដែលនេះជាហេតុធ្វើឱ្យអ្នកទស្សនាតាមរយៈការ Live ផ្ទាល់នាយប់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ មានការងឿងឆ្ងល់ជាខ្លាំង។
ជាមួយនឹងផ្ទុះនូវការវិភាគវែកញែកនេះ ងាកទៅមើលស្ថាប័ន Mister Supranational Cambodia ក៏មិននៅស្ងៀមដែរ ដោយខាងស្ថាប័នបានចេញមកទម្លាយមូលហេតុជុំវិញរឿងនេះថា ៖ «សម្រាប់អ្នកគាំទ្រដែលមានចម្ងល់ទាក់ទងនឹងការមិនបំពាក់មកុដរបស់ Mister Supranational Cambodia 2022 ទៅទៅម្ចាស់ជ័យលាភីថ្មី Mister Supranational Cambodia 2023 យើងសូមបញ្ជាក់ថាមកុដរបស់កម្មវិធី Mister Supranational Cambodia Organization គឺជាមកុដសម្រាប់បំពាក់ជាការអបអរសាទរនៃការបង្កើតកម្មវិធីឆ្នាំដំបូងគ្រងដោយបេក្ខភាពឆ្នាំដំបូងតែប៉ុណ្ណោះ សម្រាប់ចាប់ពីឆ្នាំនេះតទៅនឹងមិនមានការបំពាក់មកុដទៀតនោះទេ គាត់បន្តដោយយើងរក្សាគោលការណ៍ International Mister Supranational Organization ដែលបានកំណត់ ( បញ្ជាក់ ) មកុដបង្កើតឡើងនៅឆ្នាំដំបូងសម្រាប់អបអរពីការផលិតកម្មវិធីឆ្នាំដំបូងដែលយើងបានចូលរួមក្នុងកម្មវិធីដ៏ធំរបស់ពិភពលោក Mister Supranational Cambodia 2023»៕