ផ្ទុះការវែកញែក! ឡៅ បញ្ញា មិនព្រមដោះមកុដពីលើក្បាល ផ្ទេរឱ្យម្ចាស់តំណែងថ្មី
ក្រោយពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ១ ខែកន្លងមក កម្មវិធី Mister Supranational Cambodia ឆ្នាំ ២០២៣ បានរកឃើញម្ចាស់មកុដថ្មីបន្តពីលោក ឡៅ បញ្ញា ដែលជាម្ចាស់តំណែងឆ្នាំ ២០២២ ហើយ គឺបានទៅលើបេក្ខជនតំណាងឱ្យខេត្តពោធិ៍សាត់ លោក វន សិលា។
បន្ទាប់ពីទទួលបានតំណែងភ្លាម គេឃើញថាមានមហាជនជាច្រើនបានបញ្ចេញមតិអបអរសាទរដល់លោក វន សិលា ដែលក្លាយជាបុរសឯកកម្ពុជាបន្ទាប់នាឆ្នាំនេះ។ អ្វីដែលសំខាន់មហាជនបានសរសើរមិនដាច់នូវរូបសម្បត្តិដ៏ស្រស់សង្ហា និង ភាពឆ្លាតវៃរបស់បុរសឯករូបនេះ។ គួររំឭកឱ្យដឹងផងថា មុនប្រកួតឈ្នះកម្មវិធី Mister Supranational Cambodia 2023 អ្នកកំលោះ វន សិលា គឺធ្លាប់ជាម្ចាស់តំណែង Mister Cambodia រដូវកាលទី ៣ ឆ្នាំ ២០១៩។
ទន្ទឹមនឹងមានការបញ្ចេញមតិអបអរចំពោះម្ចាស់តំណែងថ្មីហើយ ងាកទៅមើលលោក ឡៅ បញ្ញា ម្ចាស់តំណែង Mister Supranational Cambodia 2022 វិញ បានធ្វើឱ្យផ្ទុះការវិភាគវែកញែកជាខ្លាំង ខណៈដែលមហាជនពុំឃើញលោកដោះមកុដដែលពាក់នៅលើក្បាលរបស់ខ្លួនប្រគល់ជូនទៅម្ចាស់មកុដថ្មីឡើយ ដែលនេះជាហេតុធ្វើឱ្យអ្នកទស្សនាតាមរយៈការ Live ផ្ទាល់នាយប់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៣ មានការងឿងឆ្ងល់ជាខ្លាំង។ នារាត្រីម្សិលមិញនេះ គេឃើញថា លោក ឡៅ បញ្ញា បានត្រឹមតែបំពាក់ឆៀង និង ប្រគលពានរង្វាន់តែប៉ុណ្ណោះ រីឯមកុដវិញគឺពុំបានបំពាក់ជូនឡើយ៕