ទើបប្រកាសស្រឡាញ់គ្នា ឥលូវស្នេហារវាង Lee Do Hyun និង Lim Ji Yeon ត្រូវគេបារម្ភអាចនឹងរង្គោះរង្គើ
កាលពីពេលថ្មីៗនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយបានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមានព័ត៌មានបានចុះផ្សាយថា តារាសម្ដែងប្រុស Lee Do Hyun និង តារាសម្ដែងស្រី Lim Ji Yeon តួសម្ដែងក្នុងរឿង «The Glory» បានប្រកាសមានទំនាក់ទំនងស្នេហាជាមួយគ្នា។
យ៉ាងណាមិញ ប្រភពព័ត៌មានពី Dispatch ក៏បាននិយាយថា តារាទាំងពីរបានណាត់ជួបគ្នាជាច្រើនដងហើយ ដោយលាក់បាំងទំនាក់ទំនងនេះអស់រយៈពេល ៤ ខែមកហើយ។
ទោះជាយ៉ាងណា ស្នេហាថ្មីថ្មោងរបស់អ្នកទាំងពីរ ដែលទើបតែប្រកាសជាសាធារណៈ ហាក់ដូចជាប្រឈមនឹងបញ្ហានាពេលខាងមុខនេះ ដោយសារតែ តារាប្រុស Lee Do Hyun បានចុះឈ្មោះចូលបម្រើកងទ័ពតាំងពីដើមឆ្នាំ ២០២៣។
បើតាមប្រភពចុះផ្សាយផ្សេងៗរបស់កូរ៉េ បន្ថែមថា តារាសម្ដែងប្រុសរូបនេះ កំពុងតែត្រៀមខ្លួនដើម្បីចូលបម្រើកងទ័ព បន្ទាប់ពីបញ្ចប់ការថតរឿងទាំងអស់របស់លោកសម្រាប់ឆ្នាំនេះ។
ហើយគេបាននិយាយថា Lee Do Hyun កំពុងកែសម្រួលកាលវិភាគផ្ទាល់ខ្លួនដើម្បីចូលបម្រើកងទ័ព ដោយមិនចង់ប៉ះពាល់ដល់ការងាររបស់លោក។ លើសពីនេះ អ្នកគាំទ្រក៏បានបង្ហាញការព្រួយបារម្ភចំពោះអនាគតស្នេហារបស់អ្នកទាំងពីរ នៅពេលដែលពួកគេបានឃ្លាតឆ្ងាយពីគ្នាបែបនេះ៕