ផ្អើលអ្នកគាំទ្រ! ប៊ី សុធារី ប្រកាសក្តែងៗនឹងត្រឡប់មកប្រកួតបវរកញ្ញាក្នុងឆាកជាតិម្តងទៀត
ពិតជាដំណឹងមួយនាំឱ្យមហាជនអ្នកស្នេហាវិស័យបវរកញ្ញាកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៣ នេះ អតីតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០១៧ និង អតីត Miss Charm Cambodia 2022 កញ្ញា ប៊ី សុធារី ចេញមកប្រកាសក្តែងៗក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា នឹងវិលត្រឡប់ចូលប្រកួតកម្មវិធីបវរកញ្ញាក្នុងឆាកជាតិម្តងទៀតនាពេលឆាប់ៗនេះ។
យោងទៅតាមការបង្ហោះរបស់ស្រីស្អាត ប៊ី សុធារី បានសរសេរដូច្នេះថា ៖ «នាងខ្ញុំ ប៊ី សុធារី នឹងធ្វើការចូលរួមប្រកួតជាថ្មីម្ដងទៀតក្នុងកម្មវិធីថ្នាក់ជាតិដ៏ធំមួយក្នុងពេលខាងមុខនេះ កុំភ្លេចគាំទ្រដល់ខ្ញុំផងណា»។ ទន្ទឹមនឹងបង្ហោះសារច្បាស់ៗបែបនេះហើយ គេឃើញថាមានអ្នកគាំទ្រតារាស្រី ប៊ី សុធារី ជាច្រើនសម្ដែងក្តីរីករាយ។
គួរឱ្យដឹងផងថា កញ្ញា ប៊ី សុធារី ជាបវរកញ្ញាជើងខ្លាំងម្នាក់ក្នុងដួងចិត្តអ្នកគាំទ្រកម្ពុជា។ មិនត្រឹមតែមានជំនាញដើរម៉ូដយ៉ាងស្រស់ស្អាត ហើយ ស្រីស្រស់រូបនេះក៏ជាតារាសម្ដែងម្នាក់ដែលពោរពេញដោយទេពកោលស្យផងដែរ។ ប្រសិនបើនាងអាចវិលត្រឡប់មកប្រកួតម្តងទៀតមែន អ្នកគាំទ្រជឿជាក់ថានាងច្បាស់ជាទទួលបានមកុដតំណាងឱ្យកម្ពុជាទៅឆាកអន្តរជាតិជាក់ជាក់ជាពុំខាន៕