(វីដេអូ) អ៊េមណាស់! អ្នកនាង ខាត់ សុឃីម វណ្ណថាន និង YCN Rakhie ចេញចម្រៀងរួមគ្នា អ្នកគាំទ្រស្រែកថាវ៉ាវគ្រប់គ្នា
លោក វណ្ណថាន ដែលជាសិល្បករមានទេពកោសល្យសឹងគ្រប់ទម្រង់ ប្រចាំផលិតកម្ម បារមី ត្រូវបានមហាជនកោតសរសើរ និង ទទួលស្គាល់ស្នាដៃរបស់លោកលើផ្នែកតន្ត្រីបុរាណ ក៏ព្រោះតារាចម្រៀង អ្នកនិពន្ធ និង តន្ត្រីករមកពីខេត្តបាត់ដំបងរូបនេះ អាចលេងឧបករណ៍តន្ត្រីបុរាណបានយ៉ាងច្រើន។ ក្នុងនោះ បទចម្រៀងស្ទើរទាំងអស់របស់សិល្បករផ្សេងទៀតនៃផលិតកម្មបារមី ដែលបានរួមបញ្ជូលតន្ត្រីបុរាណក៏សុទ្ធសឹងជាស្នាដៃរបស់លោកផងដែរ។ យ៉ាងណាមិញ អ្វីដែលកាន់តែរំភើបខ្លាំងនោះ នារាត្រីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ គណនីបណ្ដាញសង្គមហ្វេសបុក និង យូធូបផ្លូវការរបស់លោក វណ្ណថាន បានទម្លាក់បទចម្រៀងមានចំណងជើងថា «សមុទ្រស្នេហ៍» បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងទៅទៀតនោះ ក្នុងបទចម្រៀងមួយនេះ លោក វណ្ណថាន បានសហការផលិត និង ច្រៀងរួមគ្នាជាមួយនឹងសិល្បករសិល្បការិនីទម្រង់ផ្សេងគ្នា ២ រូបទៀត ពោលគឺកំពូលតារាចម្រៀងជើងចាស់ ខាត់ សុឃីម និង តារាចម្រៀងរ៉េប YCN Rakhie ជាម្ចាស់បទកំពុងពេញនិយម គឺបទចម្រៀង «007» ទៀតផង។
បន្ទាប់ពីបានស្ដាប់បទចម្រៀង «សមុទ្រស្នេហ៍» នេះហើយ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិពេញចិត្តជាខ្លាំង ទាំងទៅលើបទភ្លេង ទាំងទំនុកច្រៀង ព្រមទាំងអត្ថន័យក្នុងបទមួយនេះ ជាពិសេសគឺ រំភើបជាខ្លាំង ដែលពួកគេនឹកស្មានមិនដល់ថា នឹងមានការសហការគ្នារវាងសិល្បករសិល្បការិនីទាំង ៣ ទម្រង់ផ្សេងគ្នាបែបនេះឡើយ៕
ចង់ជ្រាបកាន់តែច្បាស់ សូមរីករាយស្ដាប់ និង ទស្សនាបទចម្រៀង «សមុទ្រស្នេហ៍» ខាងក្រោម៖