
ផ្ទុះការវែកញែក ក្រោយអ្នកគាំទ្រចាប់បានភស្តុតាងថា Yu Shuxin លាបម្សៅខ្នងច្រើនពេក បន្លំសម្រស់
នៅក្នុងព្រឹត្តិការណ៍ Weibo Night ឆ្នាំ ២០២៣ តារាសម្ដែង និង ចម្រៀងស្រី Yu Shuxin បានទទួលការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនយ៉ាងច្រើន ប៉ុន្តែរូបថតរបស់តារាស្រីរូបនេះ ក៏ត្រូវបានគេចោទសួរជាសំណួរជាច្រើនលើការប្រើប្រាស់កម្មវិធី Photoshop ហួសហេតុពេក កំពុងផ្ទុះការវែកញែកពេញនៅលើបណ្តាញសង្គម។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ មានរូបថតមួយសន្លឹកទៀតរបស់ Yu Shuxin បានបង្ហាញចេញជាសាធារណៈ ដោយបន្តមានការបញ្ចេញមតិប្រតិកម្មចម្រុះជាហូរហែមិនដាច់ស្រេចសោះ។ ក្នុងនោះដែរ រូបថតដែលអ្នកនិយមលេងអ៊ីនធឺណេត បានបង្ហោះគឺបង្ហាញឱ្យឃើញច្បាស់ៗអំពីស្នាមម្សៅដែលបានជាប់នៅកៅអីខាងក្រោយ ជាកន្លែងដែលតារាស្រីរូបនេះបានអង្គុយ នៅក្នុងព្រឹត្តិការណ៍ Weibo Night។
លើសពីនេះ ទស្សនិកជនជាច្រើនគិតថា តារាស្រីរូបនេះបានលាបម្សៅលើខ្នងរបស់នាង ដើម្បីឱ្យគេមើលទៅសាច់ខ្នងរបស់នាងសម៉ដ្ដចាំងដូចជាគជ់ខ្យង។ ក្នុងនោះ ថែមទាំងមានមតិរិះគន់មួយចំនួនទៅលើនាងដែរថា ៖ «យកម្សៅលាបខ្នងច្រើនហួសពេក» ប៉ុន្តែក៏មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានសម្ដែងការអាណិតចំពោះ Yu Shuxin នៅពេលដែលមហាជនភាគច្រើនដាក់ចំៗថា នាងគ្រាន់តែចង់ក្លាយជាស្រីស្អាតបន្លំភ្នែកទស្សនិកជន។
បើជាទោះមានការវែកញែកច្រើនទៅលើបញ្ហានេះ ក៏មានអ្នកគាំទ្ររបស់តារាស្រីរូបនេះភាគច្រើន បានចេញមកសម្រួលលើបញ្ហានេះថា រូបថតដែលបានបង្ហោះនោះ គឺជារូបប្រើកម្មវិធី Photoshop ដោយគេបានយកប្រៀបធៀបខ្នងរបស់នាង និង ផ្ទាំងសនៅជាប់កៅអីអង្គុយដែលបង្កឱ្យមានភាពច្របូកច្របល់។ ជាងនេះទៅទៀត ផ្នែកទីតាំងនោះ វាមិនអាចទៅរួចទេដែលខ្នង Yu Shuxin ទៅផ្អែកជាប់នៅលើគែមកៅអីនោះ៕