ប្រធានបទអ្នកមានអ្នកក្រកំពុងក្ដៅងំ ដួង សុខគា ស្រាប់តែបង្ហោះសារមួយគួរឱ្យចាប់អារម្មណ៍
មួយរយៈមកហើយដែលគេឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ជាដើម មានការបង្ហោះលើកឡើង ដោយជជែកវែកញែកពីប្រធានបទ «អ្នកមានអ្នកក្រ» ហើយមកដល់ពេលនេះ ប្រធានបទមួយនេះនៅតែក្ដៅគគុក ព្រោះមានអ្នកខ្លះថាមិនគួរមើលងាយអ្នកក្រ គ្មានអ្នកណាម្នាក់ចង់ក្រ ចង់លំបាកជាដើម ចំណែកខ្លះទៀតក៏បានបញ្ចេញគំនិតតាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួន។
ងាកទៅមើលលោក ដួង សុខគា ដែលជាសិល្បករជើងចាស់ មានការគោរពស្រឡាញ់ពីបណ្ដាសិល្បករជំនាន់ក្រោយ ក៏បានបង្ហោះសារនិយាយពីប្រធានបទមួយនេះដែរ ដោយលោកបានផ្ដល់គំនិតហាក់បង្ហាញនូវចំណុចមួយចំនួន ឱ្យអ្នកអានមានការត្រិះរិះគិតពិចារណាឱ្យហ្មត់ចត់មុននឹងបញ្ចេញមតិអ្វីមួយ។
លោក ដួង សុខគា បានរៀបរាប់ថា ៖ «មួយរយៈនេះឃើញតែគេនិយាយប្រៀបធៀបពីអ្នកមាន! អ្នកក្រ! ចង់សុំសួរបន្តិច តើការលើកឡើងរបស់អ្នក ចង់ដាស់តឿនឱ្យប្រឹងរក? ឬ ចង់ដៀល? ឬ ជាមេរៀនដែលចេះតែនិយាយយកល្អតែខ្លួនឯង? បើតាមខ្ញុំគិត ប្រហែលជាពួកគាត់មានបំណងល្អទេ តែមិនចេះនិយាយ! ក៏មានអ្នកខ្លះនិយាយតាម យកទ្រឹស្តីមកបន្ថែមឱ្យលើសក៏មាន! អ្វីដែលខ្ញុំបារម្ភគឺការបែងចែកវណ្ណៈ មើលងាយមើលថោកគ្នា វាយឫក មិនចេះជ្រោមជ្រែងជួយគ្នា។ បើចង់ឱ្យធូរធារទាំងអស់គ្នា គប្បីជួយដោយវិធីផ្សេងៗដែលមានទាំងក្តីស្រឡាញ់ មានទាំងប្រសិទ្ធភាព!»។
លោកបន្តថា ៖ «ចាំពាក្យចាស់ទេ? សំពៅ និង សំប៉ាន, ស្តេចស្រមោច និង ស្តេចដំរី, ដឹងសងដឹង អំបែងសងអំបែង។ល។ មានតែក្តីស្រឡាញ់ និង សាមគ្គីភាព ចែកគ្នារស់ ចែកគ្នាចេះ ចែកគ្នារីករាយទេទើបសុខទាំងអស់គ្នា! ខ្ញុំនិយាយនេះសង្ឃឹមថាអស់លោកជាវាគ្មិនទាំងឡាយខ្លះនឹងយល់! សូមគិតឡើងវិញ ហើយកុំបន្តនិយាយបែងបែកហែកញែកជាពីរជាបី! ហើយក៏សូមបងប្អូនយើងកុំខឹងហើយគុំកួនគ្នាឯងឡើយ! ជីវិតយើងកំពុងតែរួញខ្លីស្រាប់ផងសូមយកក្តីស្រឡាញ់ អាណិត មេត្តា មកប្រើឱ្យច្រើនមក បន្តិចទៀតយើងលាចាកចោលគ្នាអស់ហើយណាយើងណា!? ស្នាមប្រេះបែកហែកវណ្ណៈនេះមិនទាន់រលុបនៅឡើយទេ! កុំខំធ្វើឱ្យខឹង ឱ្យស្អប់ពេក!»៕