ណា សាឌី ដាក់ផាំងៗម្តងទៀត ក្រោយការចេញលិខិតសុំទោសរបស់ស្ថាប័ន Miss Grand ភូកេត
កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកគាំទ្រស្នេហាវិស័យបវរកញ្ញាខ្មែរមានការប្រតិកម្មជាខ្លាំង បន្ទាប់ពី Miss Grand ភូកេត នាង Tia Li Taveepaichpan បាននិយាយថាច្រឡំផុសរូបកាត់តមួយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនខ្មែរ។
បើតាមការបង្ហោះក្នុង Story IG របស់កញ្ញា Tia Li Taveepanichpan បានបង្ហោះរូបកាត់តទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ដែលសត្វទន្សងនេះ ក្នុងភាសាថៃហៅថា «ហៀ» ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេររបស់ភាសាថៃ ក្នុងន័យប្រមាថមើលងាយ។
ទន្ទឹមនឹងឃើញការបង្ហោះរូបភាពបែបឌឺដងមកកាន់ប្រជាជនខ្មែរដូច្នោះ គេឃើញមានមហាជន និង បវរកញ្ញាខ្មែរជាច្រើនបានសម្ដែងការប្រតិកម្ម ព្រោះយល់ថាទង្វើរបស់ Miss Grand ភូកេត ២០២៣ ជាទង្វើមួយដែលអសីលធម៌ក្នុងនាមជាបវរកញ្ញាមួយរូប។ ខណៈនោះដែរ គេក៏បានឃើញពិធីការិនីល្បីឈ្មោះ កញ្ញា ណា សាឌី ដែលមហាជនបានដឹងថា នាងក៏ជាកូនខ្មែរកាត់ថៃមួយរូបនោះ ក៏បានចេញមុខមកបង្ហាញការមិនពេញចិត្តដល់ Miss Grand ភូកេត 2023 ដែរ។
យ៉ាងណាមិញ ក្រោយរឿងនេះបានផ្ទុះការរិះគន់ខ្លាំង នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ គណៈគ្រប់គ្រងនៃកម្មវិធី Miss Grand Phuket ក៏បានចេញលិខិតសុំការអភ័យទោសជាសាធារណៈដល់ប្រជាជនខ្មែរ។
ជាមួយគ្នានោះ បន្ទាប់ពីបានឃើញស្ថាប័ន Miss Grand Phuket បានចេញលិខិតសុំការអភ័យទោសជាសាធារណៈដល់ប្រជាជនខ្មែរ ក៏បានឃើញតារាស្រី ណា សាឌី បង្ហោះសារជាថ្មីនិយាយក្នុងនាមជាកូនខ្មែរកាត់ថៃមួយរូបផងដែរ ដោយរៀបរាប់ថា ៖ «ប្រជាជនកម្ពុជាមានចិត្តល្អប្រពៃណាស់ កម្ពុជាយោគយល់ និង អភ័យទោសដល់អ្នកដែលបានធ្វើខុស។ ប៉ុន្តែសូមអ្នកកំសាងកំហុសជាលើកទី ២ និង បន្តទៀតនៅថ្ងៃខាងមុខ ពីព្រោះកម្ពុជាមិនមែនជាប្រទេសដែលប្រទេសណាមួយអាចមើលងាយ និង ជាន់ឈ្លីបានឡើយ។
អ្នកណាក៏ចេះខុស ប៉ុន្តែការខុសច្រើនដងពេក គឺជាចេនាមិនល្អដែលយើងមិនដឹងថាអាចអភ័យទោសដូចពេលនេះ ឬ អត់។ ក្នុងនាមនាងខ្ញំជាកូនខ្មែរកាត់ថៃមួយរូប នាងខ្ញុំសូមគាំទ្រតែទង្វើណាដែលត្រឹមត្រូវតែប៉ុណ្ណោះ នាងខ្ញុំនឹងធ្វើគ្រប់យ៉ាង និង ការពារដើម្បីឈាមជ័រ ដែលមានក្នុងខ្លួននាងខ្ញុំទាំង ២ គឺ ថៃ និង កម្ពុជា។ ប្រទេសទាំង ២ មាន វប្បធម៌ និង អរិយធម៌ល្អដូចគ្នា ពីព្រោះពួកយើងមានចិត្តបរិសុទ្ធស្រលាញ់ជាតិសាសន៍រៀងៗខ្លួន។ មួយវិញទៀត សាឌី សូមឱ្យបងប្អូនខ្មែរទាំងអស់កុំប្រើពាក្យមិនល្អ ដូចជាការជេ ទៅកាន់ប្រទេសថៃ ឬ ប្រទេសណាមួយដែលបំពានកម្ពុជា ពីព្រោះនោះមិនមែនជាដំណោះស្រាយត្រឹមត្រូវឡើយ ពួកយើងអាចរិះគន់ក្នុងន័យស្ថាបនា មិនមែនជាន់ពន្លិចដើម្បីយកឈ្នះនោះទេ។
អំពើល្អ សន្តានចិត្តដ៏សែនល្អរបស់ប្រជាជនកម្ពុជា នឹងឈ្នះគ្រប់យ៉ាងបាន ដោយពួកយើង និង យកសេចក្តីថ្លៃថ្នូរ ទៅដោះស្រាយបព្ហាដែលនោះ គឺជារឿងដែលត្រឹមត្រូវបំផុត។ សម្រាប់មនុស្សមួយចំនួនដែលគិតថាខ្ញុំឈឺឆ្អាលរឿងប្រទេសជាតិ ដើម្បីល្បី អ្នកគិតខុសហើយ ខ្ញុំមានសិទិ្ធគ្រប់គ្រាន់ក្នុងការក្រោកឈរដើម្បីការពារប្រទេសរបស់ខ្ញុំ គឺ ថៃ និង កម្ពុជា។ ខ្ញុំមិនចង់ល្បីដោយសាររឿងអាក្រក់ណាមួយឡើយ។ សូមអរគុណ»៕