ស្ងាត់ៗ MGC 2014 នូ ទឹមស្រីនាថ បង្ហាញរូបលក្ខណៈគ្រួសារយ៉ាងភ្ញាក់ផ្អើល មហាជនវែកញែកព្រាត
ដ្បិតថាកន្លងផុតទៅច្រើនឆ្នាំ ប៉ុន្ដែជឿជាក់ថាប្រិយមិត្តដែលស្រឡាញ់តាមដានវិស័យបវរកញ្ញា ភាគច្រើនប្រាកដជានៅចាំរាជិនីគ្រងមកុដ Miss Grand Cambodia 2014 នូ ទឹមស្រីនាថ មិនខាន ដោយច្រើនឆ្នាំមកហើយ នាងក៏ធ្លាប់បង្ហាញមុខក្នុងកម្មវិធីបវរកញ្ញាធំៗជារឿយៗផងដែរ។
ទើបតែមួយរយៈចុងក្រោយនេះ នូ ទឹមស្រីនាថ ហាក់ស្ងាត់បាត់វត្តមានមិនសូវបង្ហាញមុខក្នុងកម្មវិធីផ្សេង គឺទំនងជានាងរវល់សំងំរស់នៅក្នុងជីវិតឯកជន។
យ៉ាងណាមិញ ងាកមកមើលថ្ងៃខួបកំណើត នូ ទឹមស្រីនាថ ថ្មីៗនេះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយឃើញ Miss Grand Cambodia 2014 រូបនេះ បង្ហោះរូបថតលក្ខណៈគ្រួសារមានបុរសសង្ហាម្នាក់ដែលអ្នកគាំទ្រយល់ថាជាស្វាមីនាង ព្រមទាំងក្មេងប្រុសតូចអាយុមិនដល់មួយខួប ថតរូបបង្ហាញភាពស្និទ្ធស្នាល ធ្វើឱ្យអ្នកគាំទ្រយល់ថាជាកូនប្រុសរបស់នាងដូចគ្នា។
ជាការពិត ចាប់តាំងពីបន្សាត់ខ្លួនឃ្លាតពីវិស័យសិល្បៈមក នូ ទឹមស្រីនាថ មិនសូវបង្ហាញជីវិតឯកជនឱ្យមហាជនបានដឹងនោះទេ ដោយឡែកស្រាប់តែនៅសុខៗ នាងទម្លាយរូបថតបង្ហាញពីរូបភាពលក្ខណៈគ្រួសារនេះ ធ្វើឱ្យមហាជនវែកញែកព្រាត។ យ៉ាងណាមិញ រូបភាពលក្ខណៈគ្រួសារនេះ យើងនៅមិនទាន់ច្បាស់ទេថា នូ ទឹមស្រីនាថ បានសាងគ្រួសារ និង មានកូននោះដែរ៕