
អ៊េមណាស់! បទ «អូន អូន» របស់ Tempo Tris សម្រាប់អបអរឆ្នាំថ្មី កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
សម្រាប់យុវវ័យនិយមចូលចិត្តវិស័យចម្រៀងរ៉េប ប្រាកដជាបានស្គាល់មកហើយ នូវសមត្ថភាពទេពកោសល្យរបស់តារាចម្រៀងរ៉េបវ័យក្មេង Tempo Tris ដែលមានសមត្ថភាពខ្ពស់មិនធម្មតា ក្នុងការផលិតទំនុកភ្លេង និង និពន្ធទំនុកច្រៀងថ្មី ដោយបទចម្រៀងរបស់លោកសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។
តួយ៉ាង ដូចជាបទ «ព្រាននារី» បទ «អ្នកលេង» បទ «អែនអន» បទ «នារីបឹងទំពុន» និង បទ «អ្នកក្រ» ជាដើម គឺសុទ្ធសឹងតែជាបទដែលលោកទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់មហាជន។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ លោកបានបញ្ចេញបទថ្មី សម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ជាមួយនឹងបទចម្រៀងមួយដែលមានចំណងជើងថា «អូន អូន» លាយឡំជាមួយនឹងឧបករណ៍តន្រ្តីបុរាណខ្មែរ ច្របាច់រួមបញ្ចូលគ្នាជាមួយនឹងឧបករណ៍តន្រ្តីសម័យ Hip-Hop ដែលធ្វើឱ្យបទមួយនេះកាន់តែពីរោះថែមមួយកម្រិតទៀត។
មិនតែប៉ុណ្ណោះ ក្នុងបទមួយនេះ លោកក៏បានពន្លេចឈ្មោះរបស់ វណ្ណដា ដែលជាសម្លាញ់ ត្រង់វគ្គមួយថា ៖ «TP VD សិល្បៈដើម្បីជាតិ។ We make it look classy» ដោយ TP មានន័យថា Tempo ព្រមទាំង VD គឺ Vannda។
គួរឱ្យដឹងផងដែរថា សព្វថ្ងៃនេះលោក Tempo គឺជាតារាចម្រៀង និង អ្នកនិពន្ធទំនុកភ្លេងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ហើយលោកក៏បានបន្តសាងស្នាដៃថ្មីៗ ល្បីៗជាច្រើន ជូនអ្នកចម្រៀងរួមក្នុងផលិតកម្មផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖



