ឯម រៀម សូមការខន្តីបើច្នៃឈុតប៉ះពាល់អារម្មណ៍ តែការច្នៃនេះគ្រាន់តែចង់ឱ្យវិស័យម៉ូដនៅកម្ពុជារីកចម្រើន
មួយរយៈមុន ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមបានផ្ទុះការជជែកវែកញែកយ៉ាងខ្លាំងទៅលើការបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ច្នៃពីហួល ដែលអ្នកច្នៃម៉ូដដ៏ល្បី ឯម រៀម ពាក់បង្ហាញក្នុងកម្មវិធីមួយ បង្កឱ្យមហាជនមួយចំនួនរិះគន់មិនពេញចិត្ត ព្រោះឈុតនោះមានលក្ខណៈសិចស៊ីខ្លាំងពេក។
រំលងហួសមួយរយៈ អ្នកលេងបណ្ដាញសង្គមជាច្រើនក៏ស្ទើរតែមិនលើកឡើងករណីសម្លៀកបំពាក់របស់ ឯម រៀម ទៀតដែរ ប៉ុន្ដែទោះជាបែបនេះ បណ្ឌិតច្នៃម៉ូដដ៏ល្បីរូបនេះ តែងព្យាយាមបង្ហាញហេតុផលមួយចំនួន ដោយបកស្រាយទៅលើការច្នៃឈុតរបស់ខ្លួនគឺកើតឡើងពីការស្រមើស្រមៃ ហើយម្យ៉ាងវិញទៀត លោកចង់ជំរុញឱ្យកម្ពុជាដើរទាន់សម័យកាល Fashion ដូចប្រទេសជឿនលឿនដទៃទៀត។
ទោះជាយ៉ាងណា ឯម រៀម បានបង្ហោះសារថ្មីនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នេះ ដោយសុំការខន្តីមហាជនថា ៖ «សូមអរគុណ ដល់បងប្អូនដែលតែងតែគាំទ្រនៃទេពកោសល្យរបស់ខ្ញុំ ឯម រៀម ហើយបើមានខុសឆ្គង ឬ លើសលល់ ឬ ប៉ះពាល់ដល់អារម្មណ៍បងប្អូន សូមខន្តី ព្រោះខ្ញុំធ្វើនេះគឺដើម្បីតម្រូវតាមកម្មវិធី និង ចង់អភិវឌ្ឍន៍ការច្នៃម៉ូដនៅកម្ពុជាឱ្យបានរីកចម្រើន»។
មិនតែប៉ុណ្ណោះ លោកនៅបន្តទៀតថា ៖ «បើការច្នៃម៉ូដ ឬការស្លៀកពាក់របស់ខ្ញុំ នៅតែប៉ះពាល់អារម្មណ៍បងប្អូន ខ្ញុំនឹងបន្តទៀត រហូតដល់ពេលមួយបងប្អូនពេញចិត្ត តែចង់ប្រាប់បងប្អូនថា ខ្ញុំមានបេះដូងតែមួយ ធ្វើតាមចិត្តស្រមើស្រមៃរបស់ខ្ញុំ និង ចំណេះជំនាញរបស់ខ្ញុំដែលធ្លាប់បានសិក្សាទាំងក្នុងស្រុក និងនៅបរទេស»៕