(វីដេអូ) ស្វាមីល្អ! ជុំ ស៊ីថា សរសើរភរិយាពេញៗមាត់ កូន ៥ ហើយនៅតែស្អាតក្រមុំមិនដូរទេ
និយាយពីជីវិតគ្រួសាររបស់អតីតតារាបង្ហាញម៉ូដ និង ជាតារាសម្ដែងរូបសង្ហា ជុំ ស៊ីថា ដែលត្រូវបានគេដឹងថាលោកកំពុងសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលជាមួយភរិយាឈ្មោះ Victoria Meta Sang ជាអ្នកស្ថិតនៅក្រៅរង្វង់សិល្បៈ និង ជាកូនអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដមម្នាក់។ មកដល់ពេលនេះ លោក និង ភរិយា ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៥ នាក់ ដោយក្នុងនោះ ៣ នាក់ ជាកូនភ្លោះ។
បើទោះផ្តាច់ផឹងលើអាជីពសិល្បៈ លោក ជុំ ស៊ីថា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ និង និយាយមិនដាច់ពីមាត់ ក៏ព្រោះតែលោកគឺជាតារាប្រុសមួយរូប ដែលមានសំណាងទទួលបានភរិយាដ៏ស្រស់ស្អាត និង មានមុខជំនួញមានទ្រព្យពេញក្នុងដៃ អាចរាប់បញ្ជូលជាតារាប្រុសលំដាប់អភិជនថែមទៀតផង។
ម្យ៉ាងវិញទៀត កន្លងមកនេះ លោក ជុំ ស៊ីថា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តភក្តិក្នុង-ក្រៅរង្វង់សិល្បៈ លើកឡើងថាលោកគឺជាស្វាមី និង ជាឪពុកដ៏ល្អសម្រាប់ក្រុមគ្រួសារ ក៏ព្រោះតែលោកមើលថែភរិយា និង កូនៗបានយ៉ាងល្អ។ ជាងនេះទៅទៀត មិនខ្វល់ថារវល់យ៉ាងណា លោក ជុំ ស៊ីថា តែងតែយកពេលជួយមើលថែកូនប្រុសស្រីទាំង ៥ ជំនួសភរិយា ព្រមទាំងជួយធ្វើកិច្ចការផ្ទះជាច្រើនមិនថាតែថែសួន ដាំបន្លែនោះទេ។
ដោយឡែក ស្របពេលដែលមានជីវិតគ្រួសារដ៏មានសុភមង្គលយ៉ាងពេញទំហឹង កូនប្រុសស្រីទាំង ៥ នាក់ក៏កាន់តែធំៗគួរឱ្យស្រឡាញ់ រីឯក្រឡេកទៅមើលភរិយាក៏កាន់តែស្រស់ស្អាតគួរឱ្យស្រឡាញ់ ថ្មីៗនេះ លោក ជុំ ស៊ីថា បានបង្ហោះវីដេអូមួយសរសើរពេញៗមាត់ពីរូបសម្រស់របស់ភរិយាសំណប់ចិត្ត ដែលមានកូន ៥ នាក់ទៅហើយ តែរូបសម្រស់នៅតែស្រស់ស្អាតមិនចាញ់នៅក្រមុំ។ ក្នុងនោះ លោក បានសរសេរភ្ជាប់ជាមួយវីដេអូសកម្មភាពរបស់ភរិយាពេញដោយក្ដីស្រឡាញ់ថា ៖ «ក្រមុំមិនដូរទេ ទោះបីកូន ៥ ក៏នៅតែស្រស់ស្អាត»៕