
ផ្ទុះចាប់អារម្មណ៍លើ FB! មង្គលការគូស្វាមីភរិយាស្រស់សោភា ១ គូ រៀបចំតុបតែងលម្អផ្កាស្រស់ចម្រុះដូចឋានសួគ៌ក្រោមមេឃ
មង្គលការដ៏ធំមួយទៀតនាដើមឆ្នាំ ២០២៣ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ១៧ និង ១៨ ខែមីនា ឆ្នាំ ២០២៣ របស់គ្រួសារអភិជនមួយ កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នាំគ្នាកោតសរសើរជាពន់ពេក ទៅលើគ្រឿងបណ្ណាការរៀបជាជួរៗ សុទ្ធសឹងតែជារបស់មានតម្លៃ និង ប្រណីតៗបំផុត។ មិនតែប៉ុណ្ណោះ ចាប់តាំងពីក្លោងទ្វារជ័យ រហូតដល់លើឆាក មានការរៀបចំតុបតែងលម្អមានទាំងផ្កាស្រស់ចម្រុះពណ៌ ប្រកបដោយក្បូរក្បាច់រចនាស្រស់ស្អាតត្រជាក់ភ្នែក។
តួយ៉ាង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មហាជនអ្នកនិយមលេងអ៊ីនធើណេត បាននាំគ្នាផ្ទុះការស៊ែររូបភាពកូនកំលោះ កូនក្រមុំមួយគូនេះក្នុងថ្ងៃមង្គលដ៏អធិកអធម សរសើរពីសម្រស់របស់គូស្វាមីភរិយាថ្មី មិនដាច់ពីមាត់ ថាពិតជាសមគ្នាឥតទាស់ ប្រៀបដូចជាគូស្នេហ៍ពីអតីតជាតិ។
ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះ ជាមង្គលការរបស់ កូនកំលោះនាម ឋានៈផុន សេដ្ឋាសុផាង ហៅ BILL និង កូនក្រមុំនាម តាំង គីមបួយ ដែលត្រូវបានគេស្គាល់ថាជាកូនរបស់គ្រួសារអភិជនមានមុខមាត់ក្នុងសង្គមមួយរូប ព្រមទាំងមានភាគហ៊ុនជាមួយនឹងហាងល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា។
គួរឱ្យដឹងរថា ពិធីមង្គលដ៏អធិកអធមនេះ បានរៀបចំឡើងនៅឯមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំកំពូលៗ អ្នកមានមុខមានមាត់ក្នុងសង្គម និង ភ្ញៀវកិត្តិយសយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលរួមអបអរសាទរ ពោរពេញដោយស្នាមញញឹម៕
ប្រភពរូប៖ One Memory & The ring wedding cambodia