ក្តៅគគុក! Yoo Ah In សង្ស័យរត់គេចខ្លួន ក្រោយប៉ូលិសឆែកឆេរក្នុងផ្ទះពាក់ព័ន្ធនឹងគ្រឿងញៀន
កាលពីពេលថ្មីៗនេះ រឿងអាស្រូវរបស់តារាសម្តែង Yoo Ah In ដែលបានប្រើប្រាស់ប្រភេទថ្នាំហាមឃាត់ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមកដល់ពេលនេះ តារាសម្ដែងប្រុសរូបនេះក៏មិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយនោះទេ។
យ៉ាងណាមិញ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៣ បើតាមការចុះផ្សាយរបស់ Kdrama Stars បានឱ្យដឹងថា ក្រុមប៉ូលិសស៊ើបអង្កេត បានធ្វើការឆែកឆេរក្នុងផ្ទះរបស់ Yoo Ah In ចំនួន ២ និង រឹបអូសទ្រព្យសម្បត្តិមួយចំនួនរបស់លោកជាបណ្តោះអាសន្នផងដែរ។
ទោះជាយ៉ាងណា លិខិតកោះហៅរបស់ប៉ូលិសដែលបានទុកក្នុងប្រអប់សំបុត្រនៅមុខផ្ទះរបស់តារាប្រុសរូបនេះ មិនទាន់ត្រូវបានយកនៅឡើយនោះទេ ដោយបានដាក់ទុកក្នុងប្រអប់សំបុត្រអស់រយៈពេលជាងមួយខែទៅហើយ។
បើតាមប្រភពដដែលបានបន្តថា អ្នកជិតខាងរបស់តារាប្រុសរូបនេះ បាននិយាយថា ចាប់តាំងពីមានរឿងអាស្រូវមក មិនដែលបានឃើញ Yoo Ah In ជាយូរមកហើយ។ ករណីបាត់ខ្លួនមួយរំពេចរបស់តារាប្រុសរូបនេះ បានធ្វើឱ្យមហាជនមានការសង្ស័យ និង អ្នកគាំទ្រកំពុងរង់ចាំតាមដានការបង្ហាញខ្លួនរបស់លោកក្នុងសន្និសីទកាសែត ដើម្បីដោះស្រាយភាពចម្រូងចម្រាសនេះ៕