យក់ ឋិតរដ្ឋា ទម្លាយទំហំមិត្តភាពយូរអង្វែងនឹង ហង្ស សុជាតា ជាង ២០ ឆ្នាំ នៅតែស្រឡាញ់រាប់គ្នាមិនដែលប្រួលប្រែ
តារាចម្រៀង យក់ ឋិតរដ្ឋា និង ហង្ស សុជាតា ដែលសុទ្ធសឹងតែជាតារាចម្រៀងចាស់វស្សាប្រឡូកសិល្បៈយូរឆ្នាំ និង សាងកេរ្តិ៍ឈ្មោះល្បីល្បាញជាមួយសមត្ថភាពរៀងៗខ្លួន។ បើនិយាយពីទំនាក់ទំនងរវាងតារាចម្រៀងស្រីទាំងពីររូបនេះ ដែលធ្លាប់ជាតារាចម្រៀងរួមទ្រនំជាមួយគ្នាជាច្រើនឆ្នាំ និង មានការរាប់អានគ្នាស្និទ្ធស្នាលខ្លាំង។
យ៉ាងណាមិញ មកដល់ពេលនេះ ទោះជាតារាចម្រៀងស្រីល្បីឈ្មោះទាំងពីររូបនេះ មិនបានជ្រកក្រោមទ្រនំតែមួយមែន ប៉ុន្តែមិត្តភាពរបស់អ្នកទាំងពីរក៏នៅតែស្រឡាញ់រាប់អានគ្នាខ្លាំងដដែល។
ជាក់ស្ដែង ថ្មីៗនេះ ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី យក់ ឋិតរដ្ឋា បង្ហោះរូបភាពជាមួយតារាចម្រៀងស្រី ហង្ស សុជាតា ភ្ជាប់ជាមួយសារបង្ហាញពីទំហំមិត្តភាព និង ក្ដីស្រឡាញ់ចំពោះគ្នារយៈពេលជាង ២០ ឆ្នាំមកនេះ មិនដែលប្រួលប្រែឡើយ។
ក្នុងនោះ អ្នកនាង យក់ ឋិតរដ្ឋា បានសរសេររៀបរាប់ថា ៖ «មិត្តភាពយូរអង្វែងគ្មានលុយក៏ស្រឡាញ់គ្នា មានលុយក៏នៅតែស្រឡាញ់គ្នា 20 ឆ្នាំមុន មកដល់ឥឡូវនៅតែដដែល ហង្ស សុជាតា»៕