វ័យ ៦៥ ឆ្នាំហើយ តែ Madonna មិនទុកបេះដូងទំនេរ បញ្ចេញមុខគូស្នេហ៍ថ្មី អាយុប្អូនរហូត ៣៥ ឆ្នាំ
ឈានចូលវ័យ ៦៥ ឆ្នាំទៅហើយ តែតារាចម្រៀងប៉ុបដ៏ល្បី Madonna នៅមានចិត្តជាយុវវ័យ ទាំងការតែងខ្លួន ទាំងដើរការលេងហ៊ឺហារ ជាពិសេស បើរឿងស្នេហាវិញ ក៏រឹតតែមិនអន់ទៅទៀត ព្រោះថាឥលូវនេះ លោកស្រីកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងកំលោះអាយុក្មេងជាងរាប់ជួរឯណោះ។
តារាចម្រៀងស្រី Madonna គ្រាន់តែចែកផ្លូវពីសង្សារចាស់ Andrew Darnell វ័យ ២៣ ឆ្នាំ ជាតារាម៉ូដែលមិនបានប៉ុន្មាន ពេលនេះ តារាចម្រៀងប៉ុបរូបនេះ បានមកជួបស្នេហ៍ជាមួយនឹងកំលោះរូបថ្មីមួយរូបទៀតហើយ។
Madonna បច្ចុប្បន្នកំពុងមានទំនាក់ទំនងល្អូកល្អិនជាមួយនឹងគ្រូបង្វឹកប្រដាល់ម្នាក់ ឈ្មោះ Josh Popper វ័យ ២៩ ឆ្នាំ ដែលពួកគេត្រូវបានឃើញបណ្តើរគ្នាទៅលេងកន្លែងនានាជាញឹកញាប់ ថែមទាំងឱបថើបគ្នាយ៉ាងផ្អែមល្ហែមផងដែរ។ ដោយឡែក Madonna ហាក់បញ្ជាក់រឿងស្នេហារបស់ខ្លួន ឱ្យមហាជនបានដឹងតាមរយៈបណ្តាញសង្គមដូចគ្នា ដោយនាងតែងតែផុសរូបភាពផ្អែមល្ហែមមិនដាច់ឡើយ មើលទៅទាំងគូស្អិតល្មួតនឹងគ្នាសម្បើមណាស់។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រ គ្មានអ្វីឡើយ ក្រៅជូនពរឱ្យតារាសំណព្វចិត្តមានសេចក្តីសុខជាមួយនឹងជីវិតស្នេហាក្នុងវ័យ ៦៥ ឆ្នាំរបស់ខ្លួនផងដែរ៕