ទីបំផុត! ប្រុសស្អាតថ្ពាល់ខួច ពឹង ពុទ្ធិស័ក្ត ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ហើយ ស្រស់ស្អាតណាស់
បើនិយាយពីប្រុសសង្ហាថ្ពាល់ខួចញញឹមស្រស់ លោក ពឹង ពុទ្ធិស័ក្ត ជាតារាសម្ដែងកំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈតាមរយៈស្នាដៃ និង ទេពកោសល្យក្នុងការសម្ដែងខ្សែភាពយន្តខ្មែរជាច្រើន និង កំពុងទទួលតំណែងជាតួឯកប្រុសជាបន្តបន្ទាប់។
លើសពីនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ ក៏តែងឆក់បានការចាប់អារម្មណ៍ ជាពិសេសបេះដូងអ្នកគាំទ្រនារីៗមិនតិចនោះដែរជាមួយនឹងរូបសម្រស់ដ៏ស្រស់សង្ហាមានមន្តស្នេហ៍របស់លោក។ ម៉្យាងវិញទៀត តារាប្រុសរូបនេះ ក៏ជាម្ចាស់ជ័យលាភីបុរសឯក Mister United Continents 2018 ដែលលេចធ្លោខ្លាំង និង បានតំណាងកម្ពុជាចូលប្រកួតនៅក្រៅប្រទេសទទួលលទ្ធផលដ៏ល្អមួយសម្រាប់ប្រទេសទៀតផង។
ក្រៅពីអាជីពសិល្បៈ កន្លងមកតារាចម្រៀងប្រុសរូបសង្ហានេះ ក៏ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ពីជីវិតឯកជនរបស់លោក ជាពិសេសរឿងរ៉ាវស្នេហា ដែលតារាប្រុសរូបនេះពុំធ្លាប់បង្ហើបថាមានអ្នកស្អំបេះដូងនោះទេ ដែលធ្វើឱ្យអ្នកគាំទ្រកំពុងចាំមើលថាតើនារីរូបណាដែលអាចឆក់បានបេះដូងរបស់ប្រុសស្អាតមានមន្តស្នេហ៍រូបនេះធ្វើជាគូជីវិត។
ដោយឡែក ថ្មីៗនេះ ពឹង ពុទ្ធិស័ក្ត បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង រំភើបជំនួស ដែលទីបំផុតលោកបានបើកចំហចំណងស្នេហ៍ជាសាធារណៈហើយ ដោយលោកបានបង្ហោះរូបភាពជាគូជាមួយគូស្នេហ៍រូបស្រស់ ភ្ជាប់ជាមួយសារអបអរថ្ងៃកំណើត និង ជូនពរយ៉ាងផ្អែមល្ហែមទៅកាន់គូស្នេហ៍។
ក្នុងនោះ លោក ពឹង ពុទ្ធិស័ក្តិ បានសរសេរថា ៖ «Happy birthday to you hunii @oun_khuoch_official this years o already 29 years b wish o success all your duties you want and good healthy and specially have a lot of money also more Pretty and cute I Love you hunii»៕