Bie Sukrit ធ្វើឱ្យអ្នកគាំទ្រនឹករឭកខ្លាំង ព្រោះផ្អាកសិល្បៈទៅប្រតិបត្តិធម៌មិនកំណត់ពេលវិលវិញ
មកទល់ពេលនេះទៅហើយ គេនៅពុំទាន់ឃើញតារាចម្រៀង និង សម្ដែងប្រុស Bie Sukrit ប្រកាសវិលចូលសិល្បៈវិញនោះទេ ដែលធ្វើឱ្យអ្នកគាំទ្រលោកមានការនឹករឭកជាខ្លាំង។ លោក Bei Sukrit ជាមនុស្សម្នាក់ដែលមានចិត្តជ្រះថ្លានឹងព្រះពុទ្ធសាសនាណាស់ កន្លងមកតារាប្រុសរូបនេះធ្លាប់បានបួស និង បម្រើវិស័យព្រះពុទ្ធសាសនាបានយ៉ាងខ្ជាប់ខ្ជួនដែលធ្វើឱ្យអ្នកគាំទ្រតែងផ្ទុះការសរសើរ។
បើសង្កេតមើលតាមរយៈការបង្ហោះរូបភាពលើបណ្ដាញសង្គមរបស់ Bei ត្រូវគេឃើញថាជាតារាប្រុសរូបនេះជ្រះថ្លាក្រៃលែង ព្រោះរូបភាពនីមួយៗសុទ្ធសឹងតែបង្ហាញសកម្មភាពប្រតិបត្តិធម៌ និង បូជាព្រះពុទ្ធជាម្ចាស់ទាំងអស់ ហាក់ពុំសូវឃើញមានសកម្មភាពសប្បាយហ៊ឺហាឡើយ។
ហេតុថាជាអ្នកសិល្បៈ ដ្បិតដកខ្លួនមួយរយៈទៅប្រតិបត្តិធម៌មែន តែមហាជននៅតែរំអុក និង ចង់ឃើញតារាប្រុសរូបនេះវិលចូលសិល្បៈវិញ។ តួយ៉ាងថ្មីៗនេះ តារាប្រុស Bei បានចេញមកបង្ហោះរូបភាពមួយសន្លឹកខណៈដែលលោកកំពុងក្រងផ្កាថ្វាយព្រះ ក្នុងនោះគេឃើញថាមានប្រិយមិត្តជាច្រើនបានចូលទៅបញ្ចេញមតិសុំឱ្យអ្នកកំលោះរូបនេះឆាប់វិលចូលប្រឡូកសិល្បៈវិញ ព្រោះម្នាក់ៗនឹកសំឡេងដ៏ក្រអួនក្រអៅរបស់លោកនាពេលកន្លង៕