អ៊ីវ៉ា ទម្លាយរឿងសំងាត់មួយរបស់ខ្លួនពាក់ព័ន្ធនឹង ឧកញ៉ា យឹម តាស្រង់ ពេលនាងប្រឡូកសិល្បៈដំបូង
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាង ១០ ឆ្នាំមកហើយ ដែលតារាចម្រៀង អ៊ីវ៉ា បានឈរជើងលើវិថីសិល្បៈជាតារាចម្រៀងមានប្រជាប្រិយភាពខ្លាំងនៅក្នុងក្រអៅបេះដូងអ្នកគាំទ្រ។ កាលនោះ គេចាំបានថាកាលពីអំឡុងឆ្នាំ ២០១២ បទចម្រៀងដែលកញ្ញា អ៊ីវ៉ា ចាប់ផ្តើមផ្ទុះការគាំទ្រខ្លាំងគឺបទ «ទឹកអប់មានពិស» ជាការនិពន្ធដោយ ឧកញ៉ា យឹម តាស្រង់។
ដោយឡែកថ្មីៗនេះ តារាចម្រៀង អ៊ីវ៉ា បានទម្លាយប្រវត្តិមួយនឹង ឧកញ៉ា យឹម តាស្រង់ ដោយលោកមិនត្រឹមតែជាបុគ្គលដំបូងនិពន្ធបទចម្រៀងដល់រូបនាងតែម្យ៉ាងនោះទេ តែឧកញ៉ា យឹម តាស្រង់ ក៏ជាបុគ្គលមួយរូបបានដាក់ឈ្មោះថា «អ៊ីវ៉ា» ដល់នាងក្នុងវិថីសិល្បៈផងដែរ។
កញ្ញា អ៊ី វ៉ា បានរៀបរាប់ថា ៖ «ចង់ប្រាប់ថាឈ្មោះ អ៊ីវ៉ា គឺបងប្រុស Yem Tasrong យឹម តាស្រង់ និង បងប្រុស ឡាយ សុខចំរើន អ្នកដាក់ឱ្យតាំងតែពីចូលសិល្បៈដំបូង។ អ្នកមានគុណរបស់ខ្ញុំ»។
ងាកទៅមើល ឧកញ៉ា យឹម តាស្រង់ វិញ លោកក៏បានបង្ហោះសាររៀបរាប់ពីអតីតកាលនឹងកញ្ញា អ៊ីវ៉ា ដែរថា ៖ «ខានជួប Eva ជាច្រើនឆ្នាំ។ ថ្ងៃនេះចង់ប្រាប់បងប្អូនរឿងអាថ៌កំបាំងមួយ គឺឈ្មោះ Eva ជាឈ្មោះដែលខ្ញុំដាក់ឱ្យគាត់ពេលចូលសិល្បៈ។ ជូនពរប្អូនកាន់តែជោគជ័យក្នងជីវិត និង មានសុភមង្គល»៕