គួរឱ្យស្រឡាញ់ណាស់! ស៊ីន យូប៊ីន និង ប្អូនស្រី ត្រូវអ្នកគាំទ្រចាប់គូឱ្យយ៉ាងស័ក្ដិសមអស់ទាស់
អ្នកតាមដានគាំទ្ររបស់បងប្អូនស្រី ស៊ីន យូប៊ីន និង ស៊ីន ជេននី បានជ្រាបហើយថា បងប្អូនស្រីមួយគូនេះបានចាប់ដៃគ្នាដើរលើវិថីសិល្បៈសម្ដែងទាំងបងប្អូន ដែលសុទ្ធតែមានទេពកោសល្យ សមត្ថភាពរៀងៗខ្លួន។
បើនិយាយពីកញ្ញា ស៊ីន យូប៊ីន ដែលជាបងស្រី ពេលនេះកំពុងមានសន្ទុះប្រជាប្រិយភាពលើវិស័យសម្ដែងខ្លាំង អាចនិយាយបានជាតារាសម្ដែងស្រីជួរមុខប្រទេស រីឯប្អូនស្រី ស៊ីន ជេននី ដ្បិតតែទើបប្រឡូកចូលសិល្បៈមែន តែនាងក៏ទទួលបានប្រជាប្រិយភាពមិនតិចនោះដែរ តាមរយៈស្នាដៃសម្ដែងភាពយន្តយ៉ាងប៉ិនប្រសប់របស់នាង។
ស្របពេលកំពុងទទួលបានការចាប់អារម្មណ៍គាំទ្រក្នុងអាជីពសិល្បៈនេះដែរ បងប្អូនស្រីទាំងពីររូបនេះ ក៏ត្រូវបានចាប់អារម្មណ៍តាមដានពីជីវិតឯកជន ជាពិសេសរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរដែរ ដោយគេកត់សម្គាល់ឃើញថាបងប្អូនមួយគូនេះ ត្រូវបានអ្នកគាំទ្របង្ហាញការពេញចិត្ត និង ផ្គូរផង់ជាមួយបុរសសង្ហា ដែលសុទ្ធសឹងតែជាតារាប្រុសល្បីៗក្នុងសិល្បៈ។
១. កញ្ញា ស៊ីន យូប៊ីន និង លោក ខាត់ វៃហាំង
កញ្ញា ស៊ីន យូប៊ីន ត្រូវបានអ្នកគាំទ្រដឹងថាមានចំណងស្នេហ៍ជាមួយនឹងតារាប្រុសរួមអាជីពលោក ខាត់ វៃហាំង ដែលអ្នកទាំងពីរបានបើកចំហទំនាក់ទំនងស្នេហ៍ច្រើនឆ្នាំមកហើយ។ ក្រោយពីចាប់ដៃគ្នាជាសង្សារផ្លូវការមក មហាជនឃើញថា គូស្នេហ៍មួយគូនេះតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាពុំដែលដាច់នោះទេ ហើយមួយវិញទៀត ពួកគេក៏ពុំធ្លាប់លេចឮរឿងរកាំរកូសជីវិតគូជាមួយគ្នានោះដែរ មានតែស្នាមញញឹម និង សុភមង្គលឱ្យគ្នាប៉ុណ្ណោះ។ ម៉្យាងវិញទៀត កន្លងមកនេះ កញ្ញា ស៊ីន យូប៊ីន និងសង្សារបណ្ដូលចិត្ត លោក ខាត់ វៃហាំង ក៏តែងត្រូវបានមហាជនអ្នកគាំទ្រអួតសរសើរថាជាគូស្នេហ៍ដ៏ស័ក្តិសមណាស់ ព្រោះថាទាំងរូបសម្រស់ សមត្ថភាព ទេពកោសល្យក្នុងវិស័យសិល្បៈ គឺសុទ្ធសឹងល្អដូចគ្នា។
២. កញ្ញា ស៊ីន ជេននី និង លោក នីកូ
ចំពោះ ស៊ីន ជេននី មួយរយៈចុងក្រោយនេះត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះទំនាក់ទំនងរវាងនាង និង តារាចម្រៀងប្រុស នីកូ ក្រោយពីបានឃើញសកម្មភាពរួមការងារជាមួយគ្នា និង បង្ហាញរូបភាពថតជាគូជាមួយគ្នាជាច្រើនសន្លឹកសុទ្ធសឹងស្អាតៗគួរឱ្យស្រឡាញ់ និង មើលទៅអ្នកទាំងពីរក្លាយជាដៃគូសម្ដែងយ៉ាងស័ក្តិសម។ ម្យ៉ាងវិញទៀត តារាចម្រៀងប្រុស នីកូ និង ស្រីស្អាត ស៊ីន ជេននី កាលពីថ្មីៗកន្លងទៅ ក៏បានធ្វើឱ្យមហាជនដាក់ការសង្ស័យ ក្រោយពីបានឃើញសកម្មភាពយ៉ាងស្និទ្ធស្នាលរវាងអ្នកទាំងពីរ មិនត្រឹមតែក្នុងការងារសម្ដែងទេ ប៉ុន្តែក៏បានឃើញសកម្មភាពក្រៅឆាក ដែលលោក នីកូ បង្ហោះវីដេអូលើ TikTok មានកាយវិការ និង ពាក្យសម្ដីផ្អែមល្ហែមលើសពីធម្មតា រហូតធ្វើឱ្យអ្នកគាំទ្រគិតថាអ្នកទាំងពីរកំពុងសាងទំនាក់ទំនងពិសេសលើសមិត្តរួមការងារទៀតផង៕