ស្រណោះណាស់! Abby Choi នៅមានក្ដីប្រាថ្នាមួយមិនទាន់សម្រេច បែរត្រូវមកអស់បុណ្យទាំងវ័យក្មេង
មកទល់នឹងពេលនេះ ករណីឃាតកម្មដ៏សាហាវរបស់គ្រួសារអតីតស្វាមីតារាបង្ហាញម៉ូដហុងកុង Abby Choi ដែលបានរួមគំនិតធ្វើឃាតលើនាង នៅតែជាប្រធានបទដ៏ក្តៅគគុកដែលមហាជនជាច្រើនផ្តោតការតាមដាន។
Abby Choi គឺជាតារាម៉ូដែលស្រីមួយរូប ដែលក្រុមគ្រួសារ និង មិត្តភក្តិរបស់នាង កោតសរសើរបំផុតចំពោះទឹកចិត្តដ៏ល្អស្មោះត្រង់របស់នាង។ ជាក់ស្ដែង បើទោះបីជានាងបានលែងលះអតីតស្វាមី និង រៀបការជាមួយប្ដីក្រោយក៏ពិតមែន ប៉ុន្តែនាង នៅតែផ្ដល់ប្រាក់ផ្គត់ផ្គង់ដល់ក្រុមគ្រួសារអតីតប្ដីរបស់នាងមិនដែលដាច់ឡើយ ណាមួយកូនៗរបស់នាង ២ នាក់ជាមួយប្ដីមុន គឺរស់នៅជាមួយអតីតឪពុកម្ដាយក្មេកនាងផង។ ភាពស្មោះត្រង់ ស្រឡាញ់គ្រួសារអតីតប្ដីដូចជាគ្រួសារខ្លួន តែបែរជាអ្វីដែល Abby ទទួលបានវិញ គឺទង្វើដ៏ឃោរឃៅយ៉ង់ឃ្នងមកលើនាងបែបនេះឡើយ។
ខណៈរឿងក្ដីឃាតកម្មរបស់នាង នៅមិនទាន់ស្វែងរកបំណែកសាកសពឃើញគ្រប់សព្វ មិត្តភក្តិរបស់ Abby Choi ក៏បានចេញមុខមកទម្លាយរឿងដ៏គួរឱ្យស្រណោះមួយ ដែល Abby ធ្លាប់មានក្ដីប្រាថ្នាមួយដែលនាងចង់សម្រេច ប៉ុន្តែបែរជាត្រូវបាត់រូបពីលើលោកនេះទាំងមិនទាន់បានសម្រេចទៅវិញ។ ថ្លែងប្រាប់សារព័ត៌មាន ET Today មិត្តម្នាក់របស់តារាម៉ូដែលដ៏ស្រស់ស្អាតរូបនេះ បាននិយាយថា Abby គឺមានបំណងចង់ការពារមើលថែសត្វអនាថាដែលគេបោះបង់ចោលឱ្យបានច្រើនតាមដែលនាងអាចធ្វើបាន។
ពេលដែលនាងនៅមានជីវិត Abby Choi គឺជាមនុស្សម្នាក់ដែលស្រឡាញ់សត្វណាស់។ នាងក៏ធ្លាប់បង្កើតកម្មវិធីសប្បុរសធម៌មួយជាមួយមិត្តរបស់នាង ដើម្បីជួយសង្គ្រោះដល់សត្វឆ្មាអនាថា ដែលកម្មវិធីរបស់នាងមានឈ្មោះថា «Paomes Bengal Cat’s Alliance»។ អ្នកតំណាងនៃក្រុមបង្កើតកម្មវិធីសប្បុរសធម៌នេះ បានបញ្ជាក់ឱ្យដឹងដែរថា សកម្មភាពជួយជ្រោមជ្រែងរបស់ Abby ក្នុងការសង្គ្រោះសត្វនេះដែរ គឺធំធេង និង ចេញពីចិត្តរបស់នាងបំផុត ហើយនាងក៏ធ្លាប់សន្យាថានឹងបន្តរក្សាក្រុមសង្គ្រោះសត្វមួយនេះ ដើម្បីជួយដល់សត្វអនាថាឱ្យបានច្រើនតាមដែលនាងអាចធ្វើបាន។
គួររំឭកថា ស្របពេលផ្នែកជើង និង លលាដ៍ក្បាលរបស់ Abby Choi ត្រូវបានរកឃើញក្នុងទូរទឹកកក និង ក្នុងឆ្នាំងស៊ុប ប៉ូលិសហុងកុង នៅតែស្វះស្វែងរុករកបំណែករាងកាយរបស់នាងដែលនៅសេសសល់នៅឡើយ រួមមាន ផ្នែកដងខ្លួន និង ដៃ នៅតាមវាលចាក់សំរាមដ៏ធំមួយកន្លែង៕