រំជួលចិត្ត! ប្តីក្រោយ Abby Choi ថា «អរគុណដែលបានឱ្យបងជួបអូន» ពេលទៅអុជធូបនៅកន្លែងប្រពន្ធអស់បុណ្យ
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ សាច់ញាតិ និង មិត្តភក្តិរបស់តារាបង្ហាញម៉ូដហុងកុង Abby Choi បានមកកាន់កន្លែងកើតហេតុដើម្បីគោរពវិញ្ញាណក្ខន្ធរបស់នាង ហើយការស្លាប់របស់នាងក៏ត្រូវបានមហាជនផ្តោតការតាមដានយ៉ាងកក្រើកពេញក្នុងបណ្តាញសង្គមផងដែរ។
ដូចដែលបានចុះផ្សាយមកហើយ រយៈពេលមួយសប្ដាហ៍មកនេះ ចាប់តាំងពីតារាស្រី Abby Choi បានបាត់បង់ជីវិត ប៉ុន្តែបំណែកនៃរាងកាយដែលនៅសេសសល់ ដូចជា ដងខ្លួន និង ដៃ មិនទាន់ត្រូវបានគេរកឃើញនៅឡើយនោះទេ។
ដោយក្រុមប៉ូលិសជាង ១០០ នាក់ រួមទាំងអង្គភាពចល័ត ក្រុមស្រាវជ្រាវសំខាន់ៗ និង ក្រុមឧក្រិដ្ឋកម្មក្នុងតំបន់ ត្រូវបានប្រមូលផ្តុំនៅឯទីលានចាក់សំរាម Northeastern New Territories ក្នុងទីក្រុង Ta Kwu Ling (តំបន់មួយក្នុងទីក្រុងហុងកុង-ប្រទេសចិន) ដើម្បីធ្វើការរុករក បន្ទាប់ពីជនសង្ស័យទាំង ៤ នាក់ រឹងទទឹងមិនព្រមផ្តល់ចម្លើយ។
ងាកមកមើលស្វាមីក្រោយរបស់ Abby Choi វិញ ថ្មីៗនេះបានមកកន្លែងកើតហេតុ ថែមទាំងបានអុជធូបជូនដំណើរប្រពន្ធខ្លួនជាលើកចុងក្រោយ និង បានដោយនិយាយទាំងរំជួលចិត្តថា ៖ «អរគុណដែលបានឱ្យបងជួបអូន»។ លើសពីនេះ លោក Chris ក៏បាននិយាយទៀតថា គាត់ពិតជាអរគុណ Abby ដែលបានចូលក្នុងជីវិតរបស់លោក ហើយសន្យាថានឹងបន្តមើលថែកូនដើមទាំង ២ និង កូន ២ នាក់របស់លោកជាមួយនឹងនាង ឱ្យពួកគេទាំង ៤ រស់នៅឱ្យបានសុខស្រួល។
សូមបញ្ជាក់ផងដែរថា លោក Chris ជាស្វាមីក្រោយរបស់ Abby Choi គឺជាកូនប្រុសរបស់ស្ថាបនិកភោជនីយដ្ឋានដ៏ល្បីមួយ បានរៀបការជាមួយគ្នាតាំងពីឆ្នាំ ២០១៦ ប៉ុន្តែអ្នកទាំងពីរមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នានោះទេ។ បើតាមប្រភពរបស់ HK01 បានឱ្យដឹងថា លោក Chris ក៏មានទំនាក់ទំនងល្អជាមួយនឹងគ្រួសារអតីតស្វាមីរបស់ Abby Choi ផងដែរ ហើយលោកពេញចិត្តដែលប្រពន្ធរបស់លោកនៅតែរក្សាទំនាក់ទំនងល្អ និង ផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារមួយនេះ៕