ឃើញ សឿ សុធារ៉ា អស់សង្ឃឹមក្នុងជីវិត ហេង ប៊ុនលាភ ប្រើនាមជាមិត្តលួងលោមយ៉ាងកក់ក្តៅ
ថ្មីៗនេះ តារាសម្ដែងស្រីដ៏ឆ្នើម សឿ សុធារ៉ា បានទម្លាយក្ដីស្រមៃដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើគណនីហ្វេសប៊ុកថា នាងចង់បានកូន ៥ នាក់ ប៉ុន្ដែពេលនេះ ទើបតែមានកូន ២ នាក់ នាងបែរជួបវាសនាជានារីជាប់ឈ្មោះមានស្នេហាបែកបាក់បាត់ទៅហើយ។
លើសពីនេះ សឿ សុធារ៉ា ហាក់លើកឡើងដូចកំពុងអស់សង្ឃឹមក្នុងជីវិតទៀតថា ពេលនេះនាងមិនត្រឹមតែមានឈ្មោះជានារីជួបស្នេហ៍បែកបាក់ទេ តែនាងក៏មានជីវភាពក្រលំបាកមិនដូចមុន មិនដឹងថានៅពេលអនាគតអាចនឹងមានបុរសណាម្នាក់ព្រមមើលថែបេះដូងរបស់នាងដោយចិត្តស្មោះបានទៀតនោះទេ។
ក្រោយឃើញពាក្យត្អូញត្អែររបស់ សឿ សុធារ៉ា រៀបរាប់ពីឆាកជីវិតជួបវាសនាអភ័ព្វសឹងតែគ្រប់រឿងបែបនេះ ក៏មានមហាជនអ្នកធ្លាប់គាំទ្រនាងកន្លងមក បាននាំគ្នាបញ្ចេញយោបល់លើកទឹកចិត្តនាងយ៉ាងច្រើន ក្នុងនោះគេក៏ឃើញតារាសម្ដែងរូបសង្ហា ហេង ប៊ុនលាភ បញ្ចេញយោបល់ផ្ដល់កម្លាំងចិត្តក្នុងនាមជាមិត្តក្នុងរង្វង់សិល្បៈម្នាក់ថា ៖ «កុំគិតច្រើនអី ជូតទឹកភ្នែក លាងចិត្ត បន្តដំណើរទៅមុខ។ គេក៏មានរឿងដូចយើង យើងក៏មានបញ្ហាដូចគេ ជីវិតគឺអ៊ីចឹង»៕