ក្តៅទៀតហើយ! Yui ត្រូវគេទាញឱ្យជាប់ជំពាក់រឿងក្តៅមួយនឹងតារាជើងចាស់ម្នាក់ រហូតនាងឆ្លើយបកវិញ
ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់មកហើយពីតារាស្រីជើងចាស់ Runkanda ព្រោះកន្លងមកលោកស្រីតែងតែលេចមុខក្នុងរឿងភាគថៃមិនតិចនោះទេ រហូតធ្វើឱ្យមហាជនចង់ចាំមុខមកទល់ពេលនេះ។ ទោះជាយ៉ាង បន្ទាប់ពីមានឈ្មោះល្បីមួយរយៈធំមក អ្វីដែលមិនគួរឱ្យជឿគឺមួយរយៈចុងក្រោយនេះ លោកស្រីបែរជាធ្លាក់ខ្លួនឈឺគ្មានទីពឹងទៅវិញ រហូតតារាក្នុងសិល្បៈថៃជាច្រើនបានចេញមុខផ្តល់ជំនួយខ្លះដល់លោកស្រី។
ដោយឡែក ទន្ទឹមនឹងខ្លួនកំពុងតែមានជំងឺត្រូវការអ្នកជួយ ស្រាប់តែថ្មីៗនេះលោកស្រីបែរជាទម្លាយរឿងរ៉ាវអាថ៌កំបាំងមួយធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ហើយអ្នកគាំទ្រថែមទាំងបានទាញតារានេះតារានោះចូលទៅពាក់ព័ន្ធទៀត។ រឿងរ៉ាវអាថ៌កំបាំងមួយនោះ លោកស្រីបានទម្លាយថា ៖ «ចង់មកដាស់តឿនតារាស្រីម្នាក់ ឱ្យឈប់អះអាងថាបានជួយលោកស្រីទៀត ព្រោះសូម្បីតែលុយមួយបាតក៏មិនដែលឱ្យលោកស្រីដែរ ថែមទាំងធ្លាប់បានសន្យាជាមួយលោកស្រីទៀតថា នឹងចិញ្ចឹមលោកស្រីមួយជីវិត»។
យ៉ាងណាមិញ ក្រោយតារាស្រីជើងចាស់រូបនេះបង្ហើបពាក្យសម្តីបែបនេះភ្លាម អ្នកគាំទ្រចាប់ផ្តើមទាញអ្នកនេះអ្នកនោះចូលភ្លែត ដោយក្នុងនោះក៏មានតារាស្រី Yui Chiranan ម្នាក់ដែរ ដែលត្រូវបានអ្នកគាំទ្រទាញចូលពាក់ព័ន្ធ ព្រោះកន្លងមកតារាស្រីរូបនេះនាងក៏ធ្លាប់យករូបតារាស្រីជើងចាស់ Runkanda ទៅបង្ហោះដើម្បីសុំជំនួយជួយលោកស្រីដែរ។
ទោះជាយ៉ាងណា ក្រោយលេចឈ្មោះខ្លួនមានជាប់ពាក់ព័ន្ធនឹងរឿងនេះ តារាស្រី Yui Chiranan ក៏មិនបានទុកយូរដែរ ចេញមុខបកស្រាយភ្លាមថា ៖ «នាងមិនធ្លាប់បានសន្យា ឬ និយាយអ្វីឡើយថា នាងនឹងធានាចិញ្ចឹមមួយជីវិតនោះ តែកន្លងមកនាងបានបង្ហោះរូប Runkanda ក៏ពិតមែន តែក្នុងបំណងចង់ធ្វើជាសំឡេងមួយដើម្បីរកជំនួយជួយលោកស្រីតែប៉ុណ្ណោះ ហើយនាងនឹងសង្ឃឹមថាអ្នកគាំទ្រឈប់ទាញឈ្មោះនាងចូលទៅពាក់ព័ន្ធរឿងដែលមិនពិតនោះទៀត»៕