ក្តៅគគុក! Selena និង Hailey ប្រពន្ធ Justin ចាប់ផ្តើមមើលមុខគ្នាមិនចំជាថ្មី ក្រោយវីដេអូចាស់មួយបានស៊ែរឡើងវិញ
រយៈពេលប៉ុន្មានថ្ងៃនេះ រឿងរ៉ាវរវាងតារាចម្រៀង Selena Gomez និង តារាម៉ូដែល Hailey Bieber នៅតែជាប្រធានបទដ៏ក្ដៅគគុក និង ជាទីចាប់អារម្មណ៍របស់មហាជន រហូតផ្ទុះការវែកញែកតាមគំនិតរៀងៗខ្លួនពាសពេញបណ្ដាញសង្គមនានា។
ជាក់ស្ដែង រឿងរ៉ាវប៉ះគ្នាចុងក្រោយបង្អស់នោះ គឺតារាចម្រៀងស្រី Selena បានចេញមុខការពារ Taylor Swift ដែលជាមិត្តជិតស្និទ្ធ ក្រោយឃ្លីបវីដេអូចាស់មួយដែលចែកចាយឡើងវិញ បង្ហាញឱ្យឃើញតារាស្រី Hailey ធ្វើកាយវិការឡកឡាយដឺដងទៅ Taylor។ តាមឱ្យដឹង វីដេអូមួយនោះដែរ គឺជាវីដេអូស្រង់ចេញពីកម្មវិធី «Drop the Mic» ដែលបានចេញផ្សាយតាំងពី ៦ ឆ្នាំមុនមកម្ល៉េះ។ ក្នុងវីដេអូនោះដែរ ភរិយារបស់ Justin Bieber បានលើកម្រាមដៃចង្អុលទៅអណ្ដាតរបស់នាង ថែមញាក់ស្មាធ្វើមុខស្មើ ខណៈពេលតារារ៉េប Method Man លើកនិយាយពីអាល់ប៊ុមចម្រៀង Reputation របស់ Taylor Swift។
ក្រោយឃើញបែបនេះ Selena ក៏បានចេញមុខការពារមិត្តរបស់នាង ដោយចូលបញ្ចេញមតិពីក្រោយវីដេអូនោះថា ៖ «សុំទោស! មិត្តល្អរបស់ខ្ញុំ គឺនៅតែជាជើងខ្លាំងប្រចាំហ្គេមនេះជានិច្ច»។ យ៉ាងណាមិញ ការចេញមុខការពារ Taylor Swift ជាសាធារណៈបែបនេះ បានធ្វើឱ្យ Selena រងនូវមតិប្រតិកម្មផ្សេងៗគ្នាជាច្រើនពាសពេញបណ្ដាញសង្គម។ មហាជនមួយចំនួន បានគាំទ្រនៅទង្វើរបស់នាង ដោយលើកឡើងថា ការការពារមិត្តជិតស្និទ្ធរបស់យើងបែបនេះគឺជាទង្វើដែលគួរធ្វើបំផុត ខណៈមួយចំនួនទៀតបែរជាគិតថា តារាស្រីរូបនេះកំពុងព្យាយាមបង្ករឿងទៅវិញ។
ក្រោយផ្ទុះមតិវែកញែកពាសពេញបណ្ដាញសង្គមច្រើនពេក Selena ក៏បានប្រកាសផ្អាកលេងបណ្ដាញសង្គមមួយរយៈ ដោយនាងលើកឡើងថា ៖ «ខ្ញុំសុំសម្រាកពីបណ្ដាញសង្គមសិនហើយ ព្រោះនេះរៀងឆ្កួតឡប់បន្តិចហើយ។ ខ្ញុំអាយុ ៣០ ឆ្នាំហើយ ខ្ញុំរៀងចាស់សម្រាប់រឿងរ៉ាវបែបនេះ។ ខ្ញុំមិនអីទេ ខ្ញុំពេញចិត្តនឹងខ្លួនឯងខ្លាំង ហើយខ្ញុំមិនខ្វល់ពីសម្ដីអ្នកដទៃនោះឡើយ។ យ៉ាងណា ខ្ញុំនៅតែស្រឡាញ់អ្នកទាំងអស់គ្នា និង ជួបអ្នកទាំងអស់គ្នាវិញឆាប់ៗ។ ខ្ញុំគ្រាន់តែចង់សម្រាកបន្តិច ចេញឆ្ងាយពីអ្វីៗគ្រប់យ៉ាង»។
គួរបញ្ជាក់ផងដែរថា មុនរឿងហេតុខាងលើកើតឡើង តារាម៉ូដែលស្រី Hailey Bieber ក៏ត្រូវបានអ្នកគាំទ្ររបស់ Selena បង្ហាញការខឹងសម្បាខ្លាំងដែរ ដោយសារតែទង្វើរបស់នាងជាមួយនឹងតារាស្រី Kylie Jenner។ និយាយឱ្យលម្អិត កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀង Selena បានបង្ហោះវីដេអូមួយ ដោយនាងបានធ្វើឱ្យចិញ្ចើមរបស់នាងខូចដោយចៃដន្យ ហើយស្រាប់តែប៉ុន្មានម៉ោងក្រោយ Kylie Jenner ក៏បានធ្វើការបង្ហោះរូបភាព screenshot មួយដែលនាងវីដេអូខលជាមួយ Hailey Bieber រួចថែមទាំងដាក់ caption ថា ៖ «តើនេះចៃដន្យមែនទេ?» ដែលជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់ Selena ខឹងជាខ្លាំង។ យ៉ាងណាមិញ Kylie បានចេញមុខអះអាងថា នាងមិនមានបំណងដឺដងអីទៅ Selena ឡើយ ហើយ Selena ក៏បានយល់ស្របនឹង Kylie និង ថែមទាំងប្រាប់ទៅអ្នកគាំទ្រថា នាងមិនខ្វល់ពីរឿងនោះឡើយ។
យ៉ាងណាមិញ ក្រោយរឿងរ៉ាវប៉ះទង្គិចគ្នានេះ តារាស្រី Hailey Bieber បានបាត់បង់ចំនួនអ្នកចុចតាមដានលើ Instagram រហូតដល់ ២០ ម៉ឺននាក់ ខណៈ Kylie Jenner ក៏បានធ្លាក់តំណែងលេខ ១ ជាតារាស្រីមានចំនួនអ្នកតាមដានច្រើនជាងគេបំផុតលើ Instagram ដោយតំណែងលេខ ១ បានទៅលើតារាចម្រៀងស្រី Selena Gomez វិញ៕