អីយ៉ាស់! Taecyeon នឹងវាយលុកចូលទីផ្សារ Hollywood ក្រោយចុះកុងត្រាជាមួយក្រុមហ៊ុនធំមួយនៅអាមេរិក
ជារឿងរំភើបមួយដ៏គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន 51K បានប្រកាសថា តារាចម្រៀងប្រចាំក្រុម 2PM ហើយក៏ជាតារាសម្ដែងដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ គឺលោក Taecyeon បានចុះកិច្ចសន្យាជាមួយភ្នាក់ងារដ៏ធំមួយនៅសហរដ្ឋអាមេរិក ដោយបើកឱកាសឱ្យលោកអាចបង្ហាញខ្លួនជាលើកដំបូងក្នុងរឿងហូលីវូដ។
ជាមួយគ្នានោះ ក្រុមហ៊ុនរបស់លោក Taecyeon បានឱ្យដឹងថា តារាសម្ដែងរូបនេះបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន WME (មានពាក្យពេញថា William Morris Endeavor)។ បើក្រឡេកទៅមើលសិល្បករល្បីៗជាច្រើនដែលកំពុងស្ថិតក្រោម WME នេះ មានដូចជាតារាសម្ដែង Matthew McConaughey និង Tom Holland ព្រមទាំងអ្នកដឹកនាំដ៏ល្បីគឺ Quentin Tarantino, Ridley Scott និង សិល្បករសិល្បការិនីជាច្រើនផ្សេងទៀត។ល។
លើសពីនេះទៅទៀតនោះ បន្ទាប់ពីបានឱកាសក្លាយខ្លួនជាតារាក្នុងក្រុមហ៊ុនលំដាប់មួយនេះហើយ លោក Taecyeon បានពោលយ៉ាងមោទកភាពថា ៖ «លោកពិតជារំភើប និង រីករាយណាស់ដែលមានឱកាសថ្មីជាច្រើន ដែលតម្រូវឱ្យលោកដុសខាត់ពង្រឹងសមត្ថភាពបន្ថែមទៀត»។
មិនតែប៉ុណ្ណោះ លោកបានពិភាក្សាជាមួយនឹងក្រុមហ៊ុនក្នុងប្រទេសកូរ៉េជាច្រើន មុនពេលដែលលោកសម្រេចចិត្តបែបនេះ ដោយលោកក៏បានបន្ថែមទៀតថា ៖ «វានឹងមិនមែនជារឿងងាយស្រួលទេ ក្នុងការចាប់ផ្តើមការប្រកួតប្រជែងថ្មីនៅក្នុងបរិយាកាសដែលមិនធ្លាប់ស្គាល់ ប៉ុន្តែលោកបានគិតថាវាគឺជាឱកាសដ៏ល្អដើម្បីរៀនច្រើនថែមទៀត»។ លោកក៏បានប្ដេជ្ញាថា ៖ «លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីផ្នែកថ្មីនៃខ្លួនលោក ព្រមទាំងភាពទាក់ទាញថ្មីមួយផ្សេងទៀតរបស់ Taecyeon នៅលើវិថីមួយដែលកាន់តែធំជាងឥឡូវនេះ»៕