Pum Pui ក្តៅចិត្តឆែវ ពេលបង្ហាញមុខកូនជាសាធារណៈ បែរត្រូវអ្នកគាំទ្រថៃមួយចំនួនចំអកឡកឡាយឱ្យ
អស់រយៈពេល ១ ឆ្នាំហើយ ដែលតារាសម្ដែងស្រី Pum Pui និង តារាចម្រៀង Gavind មិនបញ្ចេញមុខកូនប្រុសរបស់ខ្លួនលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម ដោយហេតុថាចាំកូនរបស់ខ្លួនធំល្មមទើបបញ្ចេញចៀសវាងការរិះគន់ជុំវិញរឿងមុខមាត់ ព្រោះកន្លងមកមានកូនអ្នកសិល្បៈខ្លះតែងត្រូវបានអ្នកគាំទ្ររិះគន់ជុំវិញរឿងនេះ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាស្រី Pum Pui បានចេញមកទម្លាយមុខកូនជាសាធារណៈ។ ទន្ទឹមនឹងការទម្លាយមុខកូនជាលើកដំបូងនេះ Pum Pui បែរជាត្រូវបានអ្នកគាំទ្រមួយចំនួនរិះគន់ចំអកឡកឡាយឱ្យទៅវិញ ដោយបានលើកឡើងថា ៖ «កូនរបស់ Pum Pui និង Gavind ឆ្លាតណាស់អាយុត្រឹម ១ ខួប ១ ខែ សោះចេះនិយាយឱ្យុម៉ាក់ប៉ាយករូបមកបង្ហោះជាសាធារណៈបាន ពិតជាគួរឱ្យច្រណែនណាស់, កូនក្មេងអច្ឆរិយៈទាំងដែលក្មេងទូទៅអាយុត្រឹម ១ ខួប នៅមិនអាចនិយាយប្រាប់រឿងជុះនោមបានផង តែកូននេះបែរជាអាចនិយាយប្រាប់ម៉ាក់ប៉ាឱ្យបង្ហាញមុខបាន អស្ចារ្យណាស់ ពិតជាមោទកភាពជំនួសម៉ាក់ប៉ាណាស់ដែលមានកូនពូកែ»។
ងាកទៅមើលតារាស្រី Pum Pui វិញ ក្រោយពីទទួលបានពាក្យផ្លែផ្កាស៊កសៀតបញ្ឆិតបញ្ឆៀងឌឺដងពីអ្នកគាំទ្រនោះ បានធ្វើឱ្យនាងឆេះដុំទ្រាំពុំបានហើយក៏បានចូលទៅតតបវិញថា ៖ «អរគុណចាស ដែលព្យាយាមចេះដឹងរឿងអ្នកដទៃ ក្រៅពីរឿងនេះហើយ តើធ្លាប់មើលឃើញពីក្តីសុខអ្នកដទៃដែរឬទេ?»។ ជាមួយនឹងពាក្យតបដ៏មានន័យរបស់ Pum Pui បានធ្វើឱ្យអ្នកគាំទ្រនាងពេញចិត្តជាខ្លាំង ព្រោះពួកគេយល់ថា កាលមិនបង្ហាញមុខតែងតែស្នើសុំមើលចង់ឃើញបែបនេះ បែបនោះ លុះបង្ហាញហើយបែរជារិះគន់ឌឺដងទៅវិញ៕