ធ្លាយដំណឹងតារាជើងចាស់ Lee Lung Kei និយមដើរតួស្តេច គ្រោងរៀបការនឹងគូស្នេហ៍អាយុប្អូនជាង ៣០ ឆ្នាំ
កាលពីពេលថ្មីៗនេះ តារាសម្ដែងហុងកុងជើងចាស់ Lee Lung Kei បានផ្តល់បទសម្ភាសដោយបង្ហើបឱ្យដឹងថា លោក និង មិត្តស្រី គឺតារាសម្ដែងស្រី Chris Wong ដែលបានទាក់ទងនឹងគ្នាជាង ៤ ឆ្នាំ គ្រោងនឹងរៀបចំមង្គលការក្នុងនៅឆ្នាំ ២០២៣ នេះ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក។
យ៉ាងណាមិញ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ ក៏បានបង្ហើបដែរថា ៖ «ពួកគេមិនទាន់សម្រេចថារៀបការនៅឡើយទេ» ដោយបានពន្យល់ថា ៖ «បើយើងទាំងពីរនាក់ចង់រៀបការ ខ្ញុំត្រូវសួរឪពុកម្ដាយជាមុនសិន ថាតើពួកគាត់ចង់បានបណ្ណាការប៉ុន្មាន»។
ទោះជាយ៉ាងណាក៏ដោយ តារាជើងចាស់វ័យ ៧២ ឆ្នាំរូបនេះ ក៏បាននិយាយថា គាត់ក៏ចង់ទៅប្រទេសចិន ដើម្បីទៅជួបឪពុកម្ដាយក្មេកដែរ ប៉ុន្តែផែនការរបស់លោកត្រូវបរាជ័យ ដោយសារតែការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។
លើសពីនេះ លោក Lee Lung Kei ក៏បាននិយាយទៀតថា ៖ «ប្រសិនបើអត់មានការអាក់ខានទេ ពួកយើងនឹងរៀបការនៅឆ្នាំនេះ ប៉ុន្តែខ្ញុំសុំរក្សាព័ត៌មានផ្ទាល់ខ្លួនសិន ព្រោះខ្ញុំមិនទាន់រៀបចំពិធីមង្គលការនៅឡើយទេ គ្រាន់តែហៅមិត្តភក្តិមួយចំនួនមកជុំគ្នាញ៉ាំអាហារសាមញ្ញៗជុំគ្នាប៉ុណ្ណោះ»៕