ច្បាស់ហើយ! ងិន ម៉ារ៉ាឌី នឹងដឹកដៃគូដណ្តឹងអណិកជន រៀបការនៅដើមខែមេសា
ក្រោយពីសម្រេចចិត្តដឹកដៃគូស្នេហ៍ជាអ្នកអនិកជនសហរដ្ឋអាមេរិកភ្ជាប់ពាក្យ បញ្ចប់នាមជាសង្សារក្លាយទៅជាគូដណ្តឹងកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ កន្លងទៅហើយនោះ Miss Universe 2021 កញ្ញា ងិន ម៉ារ៉ាឌី កាន់តែបង្ហាញពីភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ បើទោះរស់នៅឆ្ងាយពីគ្នាយ៉ាងណាក្តី។
លើសពីនោះ កាលពីអំឡុងខែមករា កញ្ញា ងិន ម៉ារ៉ាឌី ក៏បានចំណាយពេលយ៉ាងមានន័យទៅជួបគូដណ្តឹងនៅឯសហរដ្ឋអាមេរិករឹតចំណងចំណងស្នេហ៍ដ៏រឹងមាំថែមទៀត រហូតធ្វើឱ្យអ្នកគាំទ្រ និង មិត្តទាំងក្នុងក្រៅសិល្បៈទន្ទឹងរង់ចាំយ៉ាងអន្ទះសានៅថ្ងៃជ័យមង្គលរបស់ Miss Universe Cambodia 2022 ខាងលើនេះកាន់តែខ្លាំង។
ជាក់ស្តែង ថ្មីៗនេះ តាមរយៈការបង្ហោះពីផេកផ្លូវការរបស់ក្រុមហ៊ុនរៀបចំកម្មវិធីរបស់តារាប្រុស អេឡិច ច័ន្ទត្រា ឈ្មោះថា AlexEntertainment Agency បានបង្ហោះរូបភាព អមនឹងសារបញ្ជាក់ច្បាស់ៗថា កញ្ញា ងិន ម៉ារ៉ាឌី នឹងដឹកដៃគូដណ្តឹងចូលរោងការនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។
តាមរយៈការបង្ហោះផេក Agency របស់លោក អេឡិច ច័ន្ទត្រា បានរៀបរាប់ថា ៖ «សូមអរគុណដល់ Miss Universe Cambodia 2021 Ngin Marady ដែលបានអញ្ជើញជ្រើសរើសយកកញ្ចប់តន្ត្រីក្លាសិកពិសេសរួចរាល់ សម្រាប់កម្មវិធីមង្គលជ័យនៅថ្ងៃទី 02/04/2023»៕