សំងំរកស៊ីលើអនឡាញមួយរយៈ អ៊ីវ៉ា ទិញវីឡាយ៉ាងធំស្កឹមស្កៃដោយប្រើកម្លាំងញើសឈាមផ្ទាល់ខ្លួន
តារាចម្រៀងវ័យក្មេង អ៊ីវ៉ា ធ្លាប់ក្ដោបបានការស្រឡាញ់គាំទ្រយ៉ាងច្រើនភ្លូកទឹកភ្លូកដីពីសំណាក់យុវវ័យ តាមរយៈបទចម្រៀងស្នេហាឈឺចាប់ ពោរពេញដោយមនោសញ្ចេតនាឆ្លុះបញ្ជាំងពីសង្គមបច្ចុប្បន្ន ប៉ុន្ដែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីវ៉ា ហាក់ស្ងប់ស្ងាត់មិនសូវចេញបទចម្រៀងថ្មីៗដើម្បីបម្រើអារម្មណ៍ទស្សនិកជនអ្នកគាំទ្រឡើយ។
ក្នុងអំឡុងពេលស្ងប់ស្ងាត់ពីសិល្បៈនេះ គេឃើញ អ៊ីវ៉ា បានងាកទៅសម្រុកលើមុខជំនួញលក់សម្លៀកបំពាក់តាមអនឡាញ ដែលគេឃើញមានអតិថិជនគាំទ្រយ៉ាងច្រើនផុសផុល។
ប្រឹងប្រែងលើមុខជំនួញអនឡាញមិនយូរប៉ុន្មាន ស្រាប់តែថ្មីៗនេះ តារាចម្រៀងសំឡេងស្រួយ អ៊ីវ៉ា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង កោតសរសើរចំពោះនាងជាខ្លាំង ក្រោយតារាស្រីរូបនេះ ទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ល្អប្រណីតគួរឱ្យចង់រស់នៅ មានទីធ្លាធំទូលាយ ដែលកើតចេញពីកម្លាំងញើសឈាមផ្ទាល់ខ្លួន។
មិត្តភក្ដិក្នុង និង ក្រៅរង្វង់សិល្បៈ ក៏ដូចជាអ្នកគាំទ្រតារាចម្រៀង អ៊ីវ៉ា បានចូលរួមបញ្ចេញមតិអបអរសាទរដល់នាងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងកោតសរសើរនូវការខំប្រឹងប្រែងរបស់តារាស្រីរូបនេះយ៉ាងច្រើនព្រោងព្រាត៕