ខួបកំណើតឆ្នាំនេះ Pok អង្គុយឯកាគ្មានគូនឹងគេ ខណៈប្អូនៗសុទ្ធតែដឹកដៃគូស្នេហ៍មកចូលរួម
ចាប់តាំងពីបែកបាក់ស្នេហាមក Pok អតីតគូស្នេហ៍របស់តារាស្រី Aum Patcharapa ហាក់មិនសូវបង្ហាញមុខនៅលើបណ្តាញសង្គម ឬ ការជួបជុំអ្វីឡើយ ខណៈ Aum Patcharapa អតីតគូស្នេហ៍របស់លោកមានស្នាមញញឹមត្រឡប់មកវិញហើយនោះ។
ដោយឡែក កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ដែលត្រូវជាថ្ងៃកំណើតរបស់ Pok ឃើញថាឆ្នាំនេះខុសពីឆ្នាំមុន ពោលគឺមិនមានការរៀបចំធំដុំជួបជុំមិត្តអ៊ូអរនោះឡើយ មានតែការជួបជុំញុំាអាហារជាមួយគ្រួសារយ៉ាងកក់ក្តៅតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកសម្លឹងមើលខ្លាំងជាងគេបំផុតនោះគឺ ប្អូនៗរបស់ Pok សុទ្ធតែបណ្តើរគូស្នេហ៍មកចូលរួមថ្ងៃកំណើតបងប្រុស តែចំណែកឯបងប្រុសថ្ងៃពិសេសបែរជាកំព្រាបេះដូងគ្មានមនុស្សពិសេសទៅវិញ តែទោះជាយ៉ាងណាក៏មហាជននៅតែលើកកម្លាំងចិត្តដល់លោកដដែល៕