(វីដេអូ) អូនស្មាយ ធ្វើឱ្យគេឯងក្នាញ់គ្រប់គ្នា លេងពួយរាំមួយអស់ដៃ អត់ខ្វល់ពីម្ដាយកេះហៅទៅគេង
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ អ្នកម៉ាក់កូន ១ ឌី សូនិត្តា បានធ្វើឱ្យមិត្តក្នុង និង ក្រៅសិល្បៈ ព្រមទាំងមហាជនជាច្រើនស្ញើចសរសើរដល់នាងយ៉ាងខ្លាំង ដោយតារាស្រីរូបនេះបានរៀបចំពិធីបុណ្យចម្រើនព្រះជន្ម និង បច្ច័យបួន ជូនអ្នកម្តាយយ៉ាងគគ្រឹកគគ្រេង ពោរពេញដោយស្នាមញញឹម។
យ៉ាងណាមិញ បន្ទាប់ពីកម្មវិធីបុណ្យតាមបែបព្រះពុទ្ធសាសនាបានចប់សព្វគ្រប់អស់ហើយ អ្នកនាង ឌី សូនិត្តា ក៏បានអញ្ជើញមិត្តភក្ដិ បងប្អូន ជាច្រើនកុះករដើម្បីពិសារភោជនាហារពេលល្ងាច ដែលមើលមកពិតជាសប្បាយរីករាយក្រៃលែង។
ជាមួយគ្នានោះ ជិតម៉ោងចប់កម្មវិធីក៏មានភ្លេងញាក់ រាំ កន្រ្តាក់អារម្មណ៍ដើម្បីញុំាងកម្មវិធីឱ្យកាន់តែមានភាពឱឡារិកថែមមួយកម្រិតទៀត ហើយអ្នកនាង ឌី សូនិត្តា ក៏បានយកវីដេអូនោះមកបង្ហោះ និង មានអ្នកគាំទ្រស្រឡាញ់ចូលចិត្តជាច្រើន។
អ្វីដែលកាន់តែធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ ព្រមទាំងក្នាញ់នឹង អូនស្មាយ នោះ ក៏ព្រោះតែអូនតូចគួរឱ្យស្រឡាញ់នេះ រាំសប្បាយរហូតលែងចាប់អារម្មណ៍ថាអ្នកម៉ាក់របស់គេដែលកំពុងកេះ ហៅទៅគេងទាល់តែសោះ ហើយសូម្បីតែគេងាកក្រោយហើយ ក៏បែរងាកមកវិញរាំធម្មតា ដូចគ្មានរឿងអ្វីកើតឡើង៕
រីករាយទស្សនាវីដេអូខាងក្រោម៖