ផ្ទុះការសរសើរ ឃុយ ម៉ីហៀង ពេញ Tik Tok ក្រោយច្រៀងបទ «ក្តាមស្រែ» លេងយ៉ាងពីរោះរណ្ដំចិត្ត
ថ្មីៗនេះ បទចម្រៀងមានចំណងជើងថា «ក្តាមស្រែ» របស់អ្នកនាង សុគន្ធ និសា បាន និង កំពុងតែផ្ទុះល្បីឡើងវិញម្តងទៀតពាសពេញបណ្ដាញសង្គម Tik Tok បន្ទាប់ពីតារាចម្រៀងស្រីវ័យក្មេង ឃុយ ម៉ីហៀង ដែលគេស្គាល់ថាជាអតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី ២ បានលើកយកបទនេះមក Cover លេងក្នុង Tik Tok។
ជាមួយគ្នានោះដែរ តារាចម្រៀងស្រីវ័យក្មេង ឃុយ ម៉ីហៀង ក៏ត្រូវបានគេសង្កេតឃើញមានមហាជនអ្នកនិយមលេង Tik Tok ជាច្រើន បានចូលទៅបញ្ចេញមតិកោតសរសើរ ចំពោះទឹកដមសំឡេងដ៏ក្រអួនក្រអៅរបស់នាង ដោយមា្នក់ៗលើកឡើងស្រដៀងៗគ្នាថា យុវតីរូបនេះមានសំឡេងផ្អែមស្រទន់ ពីរោះរណ្ដំ ស្តាប់ហើយចង់តែស្តាប់ទៀតមិនជិនណាយឡើយ។
អ្វីដែលកាន់តែពិសេស គេសង្កេតឃើញមានមហាជនអ្នកលេងបណ្តាញសង្គម Tik Tok ជាច្រើនបានយកបទ «ក្តាមស្រែ» ដែល ឃុយ ម៉ីហៀង Cover នោះ ទៅកាត់តបន្ថែមជាមួយភ្លេង ដែលរឹតតែធ្វើឱ្យចម្រៀងមួយបទនេះមានភាពទាក់ទាញកាន់តែខ្លាំង។
ក្រៅពីផ្ទុះការចាប់អារម្មណ៍លើទឹកដមសំឡេងហើយ មហាជនក៏ផ្ទុះសរសើរចំពោះរូបសម្រស់របស់យុវតីរូបនេះផងដែរ ដោយរំលងទៅត្រឹមមួយប៉ប្រិចភ្នែក នាងបានធំពេញវ័យ និង មានរូបសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់។ ចង់ដឹងថាសំឡេងតារាចម្រៀងវ័យក្មេងរូបនេះពីរោះ និង រូបសម្រស់ស្រស់ស្អាតយ៉ាងណា សូមទស្សនាវីដេអូ និង រូបភាពខាងក្រោមបន្ថែម ៖