មង្គល ទីណា ទើបតែទម្លាយរូប Pre-Wedding ក្រោយរៀបការមានកូន ៣ នាក់
មហាជនអ្នកតាមដានជីវិតឯកជនរបស់ លោក មង្គល ទីណា ច្បាស់ជាបានជ្រាបមកហើយថា កាលពីអំឡុងឆ្នាំ ២០១៧ តារាចម្រៀងប្រុសរូបនេះ បានបង្ហាញមុខភរិយា និង កូនៗជាសាធារណៈក្រោយពីលោកបានសំងំរៀបការសាងគ្រួសារយ៉ាងស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំហើយនោះ។
ក្រោយពីចាប់ផ្តើម បង្ហាញពីជីវិតឯកជនពាក់ព័ន្ធនឹងជីវិតគូហើយនោះ លោក មង្គល ទីណា ក៏បានចាកចេញពីទីក្រុងភ្នំពេញ ដើម្បីទៅរស់នៅខេត្តកោះកុងជាមួយភរិយា ដើម្បីប្រកបមុខរបររកស៊ី និង ជួយមើលថែកូនៗទាំង ៣ នាក់ផងដែរ។
នៅដើមឆ្នាំ ២០២៣ នេះ លោក មង្គល ទីណា ក៏បានវិលត្រលប់មកកាន់វិថីសិល្បៈវិញហើយ ដោយលោកទើបតែបានចេញបទចម្រៀងមួយបទរួមគ្នានឹងលោក ណាំ ប៊ុណ្ណារ័ត្ន មានចំណងជើងថា «ខ្យល់អើយ» និង កំពុងត្រៀមចេញបទចម្រៀងថ្មីជាបន្តបន្ទាប់ទៀតផង។
ងាកត្រលប់ទៅជីវិតគូស្រករឯនោះវិញ បើទោះជាបានបង្ហាញថាមានភរិយា និង កូនៗហើយក្តី តែលោក មង្គល ទីណា ក៏មិនបានបញ្ជាក់ថាលោក បានរៀបការតាំងពីឆ្នាំណានោះឡើយ។ យ៉ាងណានៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ស្រាប់តែលោក មង្គល ទីណា បានបង្ហោះរូបភាពក្នុងឈុតកូនកំលោះក្រមុំ ដូចជារូប Pre-Wedding កាលពីលោករៀបការថ្មីថ្មោងនៅលើផេកផ្លូវការរបស់ខ្លួន។
លើសពីនោះ អមនឹងរូបភាព Pre-Wedding លោក មង្គល ទីណា ក៏បានបង្ហោះសារយ៉ាងមានអត្ថន័យក្នុងថ្ងៃនៃក្តីស្រឡាញ់ដល់ភរិយាថា៖ «Happy Valentine’s Day ប្រពន្ធសម្លាញ់! ទំហំនៃក្តីស្រឡាញ់ប្តី មិនត្រឹមតែបង្ហាញនៅថ្ងៃនេះទេ តែបានបង្ហាញវារៀងរាល់ថ្ងៃហើយ។ អរគុណអូន ដែលធ្វើជាប្រពន្ធល្អ មើលថែកូនទាំង ៣ យ៉ាងល្អ ហើយជាកូនប្រសារស្រី និង បងថ្លៃស្រីដ៏ល្អសម្រាប់គ្រួសារបង។ រៀបរាប់មិនអស់ទេ កាដូក៏ដកលុយទិញខ្លួនឯងហើយដែរ ហាហាហា ចឹងផុសរូបចាស់ឱ្យខ្មាសគេមួយ»៕