សុខ សីឡាលីន តារាចម្រៀងស្រីដែលរឹងមាំ កាន់មៃក្រូច្រៀងក៏បាន ធ្វើការជានគរបាលក៏ចេះ
សុខ សីឡាលីន ត្រូវបានគេចាត់ទុកជាតារាចម្រៀងស្រីលំដាប់ជួរមុខម្នាក់ដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងឧស្សាហកម្មចម្រៀងខ្មែរ ជាពិសេសចាប់តាំងពីក្លាយជាតារាចម្រៀងជ្រកក្រោមដំបូលផលិតកម្មរស្មីហង្សមាសមក កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងស្រីរូបនេះកាន់តែលេចធ្លោឡើងមួយកម្រិត។
ក្រៅពីអាជីពក្នុងសិល្បៈ តារាចម្រៀង សុខ សីឡាលីន ក៏ត្រូវបានមហាជនអ្នកគាំទ្រដឹងដែរថា នាងគឺជាមន្ត្រីបម្រើការក្នុងជួររដ្ឋាភិបាលថែមទៀតផង ដោយបច្ចុប្បន្ននេះនាងកំពុងបម្រើការងារជាមន្ត្រីនគរបាល របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយជារឿយៗគេឃើញតារាចម្រៀងស្រីរូបនេះ បង្ហាញសកម្មភាពតាមរយៈរូបភាពមួយចំនួនក្នុងពេលបំពេញការងារជាមន្ត្រីនគរបាលនោះ។
ជាក់ស្តែង ថ្មីៗនេះតារាចម្រៀង សុខ សីឡាលីន ក៏បានបង្ហាញសកម្មភាពជាថ្មីជាមួយការងារជាមន្ត្រីនគរបាលនោះ ក្នុងឈុតជាមន្ត្រីនគរបាលនារីដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងកាន់កាំភ្លើងហាត់បាញ់យ៉ាងរឹងមាំ ។ ស្របគ្នានឹងការបញ្ចេញរូបភាពក្នុងពេលហាត់នោះទៀតសោត តារាចម្រៀងស្រី សុខ សីឡាលីន ក៏បានរៀបរាប់សារខ្លះៗអមមកជាមួយទៀតផង។
ពិតណាស់ ក្នុងការរៀបរាប់នោះ តារាចម្រៀង សុខ សីឡាលីន បាននិយាយថា ៖ «រឿងខ្លះដែលមិនធ្លាប់គិតថានឹងត្រូវជួប ឬ ត្រូវធ្វើ ប៉ុន្តែ ជីវិតគឺជាការសាកល្បង ការរៀនសូត្រ បត់បែនទៅតាមភាពជាក់ស្តែងទៅនឹងដំណើរនៃផ្លូវជីវិត សំខាន់ការតាំងចិត្ត និង ភាពច្បាស់លាស់។ គោលដៅគឺខ្លួនយើងជាអ្នកកំណត់ កាន់កាំភ្លើងបាញ់ខុសពីកាន់មៃក្រូហ្វូនច្រៀងដាច់»។
ជាមួយគ្នានោះដែរ បើងាកទៅមើលអ្នកគាំទ្រវិញ គេបានសង្កេតឃើញមានការចូលរួមបញ្ចេញមតិយោបល់ ក្នុងន័យពេញចិត្ត និង យល់ស្របចំពោះការលើកឡើងរបស់តារាចម្រៀង សុខ សីឡាលីន ផងដែរ ដោយម្នាក់ថែមទាំងបានដាក់រូបបេះដូងយ៉ាងច្រើនជូនតារាចម្រៀងស្រីរូបនេះទៀតផង៕