អ្នកគាំទ្រស្រឡាំងកាំង ក្រោយ Li Bingbing ទម្លាយថានាងញ៉ាំអាហារ ៣ ពេលតែបន្លែស្រូបនឹងទឹកក្ដៅ
បើនិយាយដល់តារាសម្ដែងស្រី Li Bingbing នរណាៗក៏តែងតែស្ងើចសរសើរចំពោះរូបរាងដ៏ស្រឡូនតូចច្រឡឹង និង រូបសម្រស់ដ៏ម៉ត់រលោងមិនចេះចាស់របស់នាងដែរ។ ជាក់ស្ដែងមកទល់ពេលនេះ រូបនាងមានវ័យ ៥០ ឆ្នាំទៅហើយ ប៉ុន្តែមុខមាត់ និង រូបរាងរបស់នាងវិញ គឺនៅតែធ្វើឱ្យមហាជនអ្នកគាំទ្រច្រណែន និង ជាពិសេសគឺចង់ដឹងខ្លាំងពីតិចនិកថែរក្សាសម្រស់របស់នាង។
ខណៈអ្នកគាំទ្រតែងតែងឿងឆ្ងល់ពីរបបអាហារ និង របៀបថែរក្សារូបសម្រស់របស់នាង ថ្មីៗនេះស្រាប់តែតារាសម្ដែងស្រី Li Bingbing ក៏បានចេញមកពី vlog មួយបង្ហោះលើបណ្ដាញសង្គមចិន Douyin។ វីដេអូ vlog មួយនេះដែរ បានធ្វើឱ្យអ្នកគាំទ្រនាងជាច្រើនភ្ញាក់ផ្អើល បើកភ្នែកធំៗព្រាត ក្រោយពីដឹងពីរបបអាហារដែលតារាក្នុងដួងចិត្តរបស់ពួកគេតែងទទួលទានជាប្រចាំថ្ងៃនោះ។
តាមការទម្លាយពី Li Bingbing នាងបានឱ្យដឹងថា ជាប្រចាំ នាងគឺតែងតែញ៉ាំបន្លែសុទ្ធៗ ស្រូបក្នុងទឹកក្ដៅ ដោយអាហារប្រភេទនេះ នាងញ៉ាំវា ៣ ដងក្នុងមួយថ្ងៃ។ ថ្លែងក្នុងវីដេអូ Li Bingbing បាននិយាយថា ៖«អ្នកទាំងអស់គ្នាគ្រាន់តែត្រូវដាំទឹក ឬ ត្រូវមានទឹកក្ដៅជាប់ខ្លួន មិនថាអ្នកទាំងអស់គ្នានៅទីណាក៏ដោយ។ តើនរណាខ្លះចូលចិត្តញ៉ាំអាហារដែលមានរសជាតិដើមដូចខ្ញុំខ្លះ? ខ្ញុំគិតថា នេះគឺជារបៀបញ៉ាំដែលមានផាសុកភាពបំផុតហើយ និង ជួយរក្សារាងយើងទៀត។ មួយទៀត ខ្ញុំក៏ចូលចិត្តកាត់បន្លែ រួចដាក់វាចូលទៅក្នុងទឹកក្ដៅអ៊ុនៗ ព្រោះខ្ញុំគិតថាវាឆ្ងាញ់ ដោយសារតែរសជាតិដើមនៃបន្លែនៅរក្សាដដែល»។
ភ្លាមៗនោះ ជំនួយការរបស់នាងក៏បានចោតសួរភ្លាមថា ៖«បើញ៉ាំអត់ដាក់អំបិលអីសោះអ៊ីចឹង តើញ៉ាំបានដោយរបៀបមិចទៅ? Li Bingbing ក៏តបវិញថា ៖«ខ្ញុំញ៉ាំដោយប្រើបេះដូង»។
យ៉ាងណាមិញ គ្រាន់តែវីដេអូមួយនេះ បានចែកចាយភ្លាមនោះ ក៏មានមតិមហាជនផ្ទុះការវែកញែកព្រោងព្រាត ដោយអ្នកខ្លះសម្ដែងការកោតសរសើរចំពោះការអត់ធ្មត់ទទួលរបបអាហារបែបនេះរបស់នាង ខណៈមួយចំនួនទៀតក៏សម្ដែងការមិនពេញចិត្ត រិះគន់ទៅកាន់នាងថា «ធ្វើបែបនេះដូចជាធ្វើបាបខ្លួនឯង» «ញ៉ាំអាហារបែបហ្នឹងដដែល រស់នៅមានន័យអី?»៕