Lee Minho បុរសកម្សត់ស្នេហ៍ តែជាង ១ ឆ្នាំសោះ មិត្តក្នុងសិល្បៈស្រករគ្នាមានគូចោលអស់
មួយរយៈចុងក្រោយនេះ មហាជនអ្នកគាំទ្រវិស័យសិល្បៈកូរ៉េសង្កេតឃើញថា មានសិល្បករសិល្បការិនីជាច្រើនរូប បានបង្ហាញទំនាក់ទំនងស្នេហាពួកគេជាសារធារណៈ ព្រមទាំងមួយចំនួនផ្សេងទៀតប្រកាសរៀបការ និង បានរៀបការសាងគ្រួសារយ៉ាងមានក្ដីសុខ ជាបន្តបន្ទាប់គិតត្រឹមដើមឆ្នាំ ២០២៣ នេះ។
ជាមួយគ្នានោះ ដំណឹងអំពីការប្រកាសរឿងរ៉ាវស្នេហារបស់តារាសម្ដែងទាំងអស់នោះហើយ មហាជនអ្នកគាំទ្រជាច្រើនបានចោលភ្នែកសម្លឹងមើលទៅកំលោះសង្ហា Lee Minho ដែលមិនសូវសមប្រកបជាមួយស្នេហាសោះ ហើយលោកក៏តែងតែក្លាយជាប្រធានបទដ៏ក្ដៅគគុក យកមកវែកញែកជារឿយៗ។
ក្នុងចំណោមតារាសម្ដែងទាំងនោះ គេសង្កេតឃើញថាមានដូចជា តារាសម្ដែងស្រី Park Shinhye តារាសម្ដែងប្រុស Song Joong Ki តារាសម្ដែងស្រី Son Yejin តារាសម្ដែងប្រុស Lee Seung Gi តារាសម្ដែងស្រី Gong Hyojin និង តារាសម្ដែងប្រុស Lee Jong Suk ជាដើម។
មិនតែប៉ុណ្ណោះ ប្រុសសង្ហា Lee Minho រូបនេះ ក៏ត្រូវបានបង្អាប់ (ឬ Bully) បែបលេងសើចពីអ្នកគាំទ្រជាច្រើន រហូតជាប់រហ្សសនាមថាភាសាអង់គ្លេសថា «Cupid» ដែលមានន័យនៅក្នុងទេវកថាបុរាណថា គឺជាព្រះ ឬ បុគ្គលដែលតែងតែនាំមនុស្សឱ្យជួបគ្នាបន្ទាប់មកក៏បង្កើតទំនាក់ទំនងស្នេហា និយាយឱ្យងាយយល់គឺ មេអណ្ដើក នោះឯង៕