គឹម លីហ្សា ថានារីៗបើយកប្តីបានអត្តចរិតដូច ឃុំ ប៉ុណ្ណាដែត គឺសំណាងមួយជីវិត
ថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ជាបានជ្រាបមកហើយពីរឿងរ៉ាវរបស់អ្នកនាង យក់ ឋិតរដ្ឋា ដែលត្រូវបានអ្នកនៅក្រៅប្រទេសមួយរូបបង្ហោះវីដេអូលើកឡើងថា អ្នកនាង យក់ ឋិតរដ្ឋា បានលក់គ្រឿងអលង្ការកាឡៃឱ្យទៅខ្លួន។ ក្រោយពីផ្ទុះរឿងរ៉ាវនោះហើយ អ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមី ក៏បានចេញមុខមកទម្លាយការពិត និង ច្រានចោលការលើកឡើងរបស់នារីនៅក្រៅប្រទេសនោះ។
ដោយឡែក ក្រោយពីបានចេញមុខមកបង្ហាញភាពស្អាតស្អំរបស់ខ្លួនហើយ អ្នកនាង យក់ ឋិតរដ្ឋា ក៏កំពុងតែត្រូវបានមហាជនអ្នកគាំទ្រសរសើរពីភ័ព្វសំណាងរបស់នាងដែលមានលោក ឃុំ ប៉ុណ្ណាដែត ជាស្វាមី តែងនៅពីក្រោយមើលថែ ការពារ និង ចាប់ដៃអ្នកនាងគ្រប់ពេល។ ជាក់ស្តែង ដូចបញ្ហាដែលកើតឡើងកន្លងមកអ៊ីចឹង លោក ឃុំ ប៉ុណ្ណាដែត បានចេញមុខមកការពារ បញ្ជាក់ច្បាស់ៗពីភាពស្អាតស្អំរបស់ភរិយា ពិតជាស្វាមីដ៏ល្អបំផុត។
ជុំវិញការលើកសរសើរទៅកាន់ លោក ឃុំ ប៉ុណ្ណាដែត នោះដែរ ក្រឡេកទៅមើលអ្នកនាង គឹម លីហ្សា ក៏បានចេញមកបង្ហោះសារស្ងប់ស្ងែងលោក ឃុំ ប៉ុណ្ណាដែត ដូចគ្នាដែរ ដោយអ្នកនាង គឹម លីហ្សា បានរៀបរាប់ថា ៖ «ផ្តាំទៅនារីៗបើយកប្តី រកអត្តចរិតឱ្យបានប៉ុនបង ឃុំ ប៉ុណ្ណាដែត គឺសំណាងក្នុងជីវិតហើយ។ ចរិតមនុស្សប្រុស ចេះការពារប្រពន្ធកូន ទោះក្នុងកាលៈទេសៈណា»៕