នឹកស្មានមិនដល់! ធ្លាប់ជាតារាល្បី ពេលនេះ Arthit ធ្លាក់ខ្លួនលក់ខោអាវជជុះតាមផ្សារ សូម្បីផ្ទះគ្មានជ្រក
ប្រិយមិត្តប្រហែលជានៅចាំបានអតីតតារាសម្ដែង និង ចម្រៀងថៃរូបសង្ហា ជំនាន់ទសវត្សរ៍ឆ្នាំ ៩០ លោក Arthit Ryu ដែលជាតារាប្រុសម្នាក់មានរូបសម្បត្តិស្រស់សង្ហាធ្វើឱ្យនារីៗជំនាន់នោះលង់ស្នេហ៍ស្ទើរដកចិត្តពុំរួច។ ក្រៅពីមានរូបសម្បត្តិស្រស់ស្អាត សាច់សខ្ចីដូចបណ្ដូលចេកហើយ តារាសម្ដែង និង ចម្រៀងរូបនេះ ក៏ធ្លាប់មានស្នាដៃច្រើនសន្ធឹកសន្ធាប់ និង មានឈ្មោះល្បីលើទស្សនាវដ្ដី កាសែតមិនដែលដាច់ឡើយ។
ធ្លាប់តែជាមនុស្សមានមុខមានមាត់ក្នុងសង្គមសិល្បៈ ទៅណាមកណាក៏មានអ្នកចោមរោមអ៊ូអរសុំថត ចង់កៀកក្បែរ តែបច្ចុប្បន្នជីវិត តារាប្រុសរូបនេះបានប្រែជាងងឹតសូន្យសុងអាប់រស្មីស្ទើរតែរកបាយចិញ្ចឹមក្រពះគ្មាន រីឯទីជម្រកវិញស្ទើរតែយកដីធ្វើជាគ្រែយកមេឃធ្វើជាភួយ រស់នៅអាស្រ័យផឹកទឹកតាមក្បាលរ៉ូមេណេសាធារណៈ។
រំលងទៅត្រឹមមួយប៉ប្រិចភ្នែកសោះធ្វើឱ្យមហាជនស្ទើរតែមិនជឿ ព្រោះថាជីវិតរបស់អតីតតារាប្រុសមានឈ្មោះល្បី Arthit ក្នុងវ័យ ៤៤ ឆ្នាំ រសាត់អណ្ដែតដូចទូកកណ្ដាលទន្លេរកមិនឃើញកោះត្រើយឡើយ។ បើនិយាយពីជីវិតគ្រួសារវិញព្រាត់ប្រាស់កូនចៅម្តាយឪពុកខ្ចាត់ខ្ចាយអស់ ធ្វើឱ្យអតីតតារារូបនេះរស់នៅតែម្នាក់ឯងកន្តែងកណ្ដោចលើវាលវដ្ដសង្សារនៃជីវិតយ៉ាងលំបាកវេទនា។
ថ្មីៗនេះរូបភាពអង្គុយលក់ខោអាវជជុះទាំងទឹកមុខក្រៀមក្រំនៅផ្សារមួយកន្លែងបានឆក់ចិត្តឆក់បេះដូងឱ្យអ្នកគាំទ្រឃើញហើយកើតសេចក្ដីសង្វេគចំពោះអតីតតារាប្រុស Arthit ជាខ្លាំង។ នេះបើតាមការទម្លាយពីសារព័ត៌មានកម្សាន្តក្នុងស្រុកថៃបានឱ្យដឹងថា Arthit បានធ្លាក់ខ្លួនជាអ្នកលក់ខោជជុះ និង មានជីវិតលំបាកខ្លាំងដល់ថ្នាក់រកផ្ទះគ្មាននៅឡើយ។ មិនត្រឹមតែជីវិតធ្លាក់ខ្លួនក្រីក្រហើយ អតីតតារាសម្ដែងរូបនេះ ក៏ធ្លាប់មានជំងឺផ្លូវចិត្តដល់ថ្នាក់ដេកព្យាបាលនៅមន្ទីរពេទ្យឆ្កួតថែមទៀផង។ ដោយឡែក ងាកទៅមើលមហាជនក្រោយឃើញសភាពតារាប្រុស Arthit ម្នាក់ៗបានផ្ញើសារផ្តល់កម្លាំងចិត្តព្រោងព្រាតផងដែរ៕