ឃើញចូលចិត្តសម្ដែងតួកំប្លែងៗ តែបើដឹងអាជីពដំបូងរបស់ ឌីជេ កាកា ពិតជាភ្ញាក់ផ្អើល
មហាជននិយមតាមដានរឿងខ្លី និង រឿងភាគកំប្លែង ច្បាស់ជាបានស្គាល់មកហើយ ឌីជេ កាកា ដែលជាសមាជិកនិយមសម្តែងជាមួយនឹង លោក ងួន សុបិន្ត និង នាយ គ្រឿន ជាដើម។ ជាពិសេសនោះ ឌីជេ កាកា ក៏ធ្លាប់បានចូលរួមសម្តែងខ្សែភាពយន្តល្បីៗជាច្រើនរួមមាន «ជួបស៊យ» «ព្រលឹងមនុស្សរស់» និង រឿងជាច្រើនទៀត។
មកទល់ពេលនេះរយៈពេលប្រមាណជាង ១០ ឆ្នាំ មកហើយ ដែលមហាជនបានដឹងថា ឌីជេ កាកា បានចូលប្រឡូកលើវិស័យសិល្បៈផ្នែកកំប្លែង តែការពិតទៅ តារាកំប្លែងមុខស្ងួតរូបនេះ មានអាជីពជាតារាចម្រៀងរ៉េបតាំងពីអំឡុងឆ្នាំ ២០០៦ មកម្ល៉េះ។
ជាការពិត កាលពីអំឡុងឆ្នាំ ២០០៦ វិស័យចម្រៀងរ៉េបនៅកម្ពុជា អាចនឹងមិនសូវជាធំទូលាយណាស់ណាឡើយ ប៉ុន្តែ ឌីជេ កាកា ក៏ត្រូវបានក្លាយជាតារាចម្រៀងរ៉េប ក្នុងក្រុម Khmer Rap Boy ដែលដំបូងឡើងមានសមាជិក ៣ នាក់ និង បន្តបន្ថែម ព្រមទាំងផ្លាស់ប្តូរសមាជិកជាបន្តបន្ទាប់ផងដែរ។ កាលនោះ ក្រុម Khmer Rap Boy មានបទចម្រៀងល្បីៗជាច្រើនរួមមានបទ «បើកចាក់» បទ «ក្លិនអូន» និង បទ «Sexy Sexy» ដែលច្រៀងក្រោមផលិតកម្ម KlapYaHandz។ លើសពីនោះ ឌីជេ កាកា ក៏ជាកូនសិស្សរបស់ ឌីជេ ស្តី និង ជាមិត្តរបស់ ឌីជេ ក្តិប ធ្លាប់បានច្រៀងចម្រៀងរួមគ្នាថែមទៀតផង។
គួរជម្រាបថា ឌីជេ កាកា មានឈ្មោះពិតថា ភឿន សុភាពភា ដោយក្រោយពីរយាលពីវិស័យរ៉េបជាមួយនឹងក្រុម Khmer Rap Boy លោកក៏បានក្លាយទៅជាតារាកំប្លែងនិយមតែងខ្លួនប្លែកៗ ឆក់បានប្រជាប្រិយភាពពីអ្នកគាំទ្រយ៉ាងខ្លាំង។ លើសពីនោះ ស្របពេលជាតារាកំប្លែង ឌីជេ កាកា ក៏ធ្លាប់បានចេញចម្រៀងទោល និង ជាឌីជេចាក់ភ្លេងនៅតាមក្លិបកម្សាន្តពេលយប់ផងដែរ៕