សំឡេងពីរោះហើយ Vis ម្ចាស់បទ «ស្នេហ៍មានពណ៌អ្វី» អាចនិពន្ធចម្រៀង និងមាន Studio ផ្ទាល់ខ្លួនទាំងវ័យក្មេង
Vis ម្ចាស់បទចម្រៀង «ស្នេហ៍មានពណ៌អ្វី» កំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវវ័យ ជាមួយនឹងសំឡេងដ៏ផ្អែមស្រទន់ ព្រមទាំងមានអត្ថន័យយ៉ាងស៊ីជម្រៅចាក់ចូលអារម្មណ៍អ្នកស្ដាប់។
តារាចម្រៀង Original Song មួយរូបនេះ មានឈ្មោះពិតថា អ៊ុង វិសុទ្ធធីតា ហៅ Vis។ កញ្ញាមិនត្រឹមតែជាអ្នកចម្រៀងតែប៉ុណ្ណោះទេ ប៉ុន្តែកញ្ញាក៏ជាតន្រ្តីករ អ្នកនិពន្ធទំនុកច្រៀង ព្រមទាំងជាស្ថាបនិក Studio មួយដែលមានឈ្មោះថា «Vis Sound Lab» ផងដែរ។
ដោយឡែក មុនពេលក្លាយជាអ្នកចម្រៀង តារាស្រីរូបនេះគឺជានិស្សិតម្នាក់ដែលបញ្ចប់ថ្នាក់សិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និង ហិរញ្ញវត្ថុពីសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន កាលពីឆ្នាំ ២០១៦ កន្លងទៅ។
យ៉ាងណាមិញ ដោយសារតែការស្រឡាញ់ ព្រមទាំងក្ដីស្រមៃទៅលើតន្រ្តី កញ្ញាបានទៅកាន់ប្រទេសអូស្ត្រាលីអស់រយៈពេល ៨ ខែ ដើម្បីសិក្សាយកសញ្ញាបត្រផ្នែកតន្ត្រីមួយបន្ថែមទៀត។ បន្ទាប់មក Vis ក៏បានបន្តទៅកាន់ទីក្រុងសេអ៊ូល រយៈពេល ២ ខែទៀតថែមទៀត ដើម្បីស្វែងយល់ពីផលិតកម្មតន្រ្តី ព្រមទាំង K-pop។
គួរឱ្យដឹងផងដែរថា Vis ក៏ធ្លាប់បានចេញជាមួយនឹងអាល់ប៊ុមចម្រៀងទី ១ ដែលមានចំណងជើងថា «Healing» កាលពីឆ្នាំ ២០២១ ផងដែរ៕