ផ្អែមទៀតហើយ! គូស្នេហ៍របស់ អេននី ហ្សាម និយាយឡើងស្វីតថា សង្សារល្អដូច អេននី ហ្សាម ពិបាករកណាស់
រយៈពេលប្រមាណជា ២ ឆ្នាំមកហើយដែលតារាចម្រៀង អេននី ហ្សាម បើកបង្ហាញពីចំណងស្នេហ៍ជាមួយសង្សារស្រីដូចគ្នា Nona Ra ដោយកន្លងមក មហាជនអ្នកគាំទ្រតែងឃើញអ្នកទាំងពីរបង្ហោះរូបថតផ្អែមល្ហែមនៅលើបណ្ដាញសង្គម ស្ដែងពីក្ដីស្នេហ៍ល្អូកល្អិនមិនចាញ់គូស្នេហ៍ដទៃឡើយ។
ខណៈក្ដីស្នេហ៍កំពុងរលូនទៅមុខ សង្សារស្រីតារាចម្រៀង អេននី ហ្សាម បានបង្ហោះសារថ្មីមួយនៅថ្ងៃខួបស្នេហ៍របស់ពួកគេ ដោយរៀបរាប់នូវពាក្យសម្ដីដ៏សែនមានន័យទៅកាន់នាងថា ៖ «អរគុណពេលវេលាកន្លង សម្រាប់ការថែទាំ យកចិត្តទុកដាក់ បារម្ភខ្វល់ខ្វាយ ដែលអូនមានឱ្យបងមិនប្រែប្រួលសោះ មនុស្សដែលស្អាតសម្រាប់បងមិនពិបាករកទេ តែមនុស្សដែលស្រឡាញ់បងពិតប្រាកដដូចជាអូន គឺបងពិតជាពិបាករកណាស់ អរគុណដែលចូលមកក្នុងជីវិតខ្ញុំ Anny Real Happy Anniversary Love»។
ក្នុងនោះ អេននី ហ្សាម តបទៅសង្សារវិញយ៉ាងស្វីតថា ៖ «អរគុណគ្រប់យ៉ាង ទោះខ្ញុំពូកែខឹង ពូកែងរ ពូកែរករឿង ខឹងពេលណាក៏ជេរ ខឹងពេលណាក៏ធ្វើបាប តែអ្នកតែងតែនៅក្បែរខ្ញុំមិនបោះបង់ខ្ញុំ ចង់ប្រាប់ថា អរគុណ និង ស្រឡាញ់ណាស់»។
មិនមែនជាលើកដំបូងទេដែលគូស្នេហ៍ស្រីដូចគ្នាមួយគូនេះ ប្រើភាសាផ្អែមល្ហែម ក៏ដូចជារូបថតរ៉ូមែនទិកបង្ហោះនៅលើបណ្ដាញសង្គមឱ្យមហាជនបានឃើញ តែកន្លងមកឱ្យតែមានឱកាសល្អដូចជាខួបស្នេហាជាដើម ពួកគេតែងបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាឱ្យអ្នកលេងបណ្ដាញសង្គមបានឃើញជារឿយៗ៕