ផ្អើលចុងឆ្នាំ! ផលិតកម្ម YG ទម្លាក់រូបភាពក្រុមនារីថ្មី សមាជិក ៧ នាក់ ត្រៀមនឹង Debut ឆាប់ៗនេះ!
ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគ្រាន់តែមួយថ្ងៃសោះផលិតកម្ម YG បានចេញសេចក្ដីប្រកាសនៃសិល្បកររបស់ខ្លួនដល់ទៅ ២ ដង ដែលជាដំណឹងធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើននឹកស្មានពុំដល់។
យ៉ាងណាមិញ ថ្មីៗនេះវិញ កាលពីម៉ោងប្រមាណ ១ រសៀល ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ នេះ ផលិតកម្ម YG បានបង្ហោះរូបភាព ១ សន្លឹក ព្រមទាំងភ្ជាប់ជាមួយនឹងចំណងជើងថា «YG NEXT MOVEMENT» អមជាមួយនឹងកាលបរិច្ឆេទថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣។
ដោយតាមរយៈសេចក្តីថ្លែងការណ៍ ជាផ្លូវការរបស់ពួកគេបានបញ្ជាក់ថា រូបភាពនារីប្រាំពីរនាក់ នៅក្នុងផ្ទាំងរូបភាពមួយនោះ គឺជាសមាជិកនៃក្រុមចម្រៀងស្រីថ្មីរបស់ផលិតកម្ម YG។
គួរឱ្យដឹងផងដែរថា កាលពីព្រឹកថ្ងៃទី ៣០ ខែធ្នូ នេះក៏មានព័ត៌មានលេចឮថា BLACKPINK នឹងចាកចេញពីផលិតកម្ម YG ហើយផ្លាស់ប្តូរទ្រនំ និង ការគ្រប់គ្រងរបស់ពួកគេទៅក្នុង THE BLACK LABEL ដែល BLACK LABEL នេះគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រោមផលិត YG។ ទោះជាយ៉ាងនេះក្ដី ព័ត៌មានមួយនេះមិនទាន់បានចេញសេចក្ដីប្រកាសជាផ្លូវការពីខាងផលិតកម្មនោះឡើយ៕