ព្រះនាងតូច ចេនណា ទម្លាយអារម្មណ៍នេះឡើងភ្លែត ក្រោយតារាប្រុសថៃ Top បានចូលចួប
កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងប្រុសជួរមុខក្នុងប្រទេសថៃ Top Jaron បានធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា ក្នុងឱកាសឆ្លងឆ្នាំថ្មី ២០២៣ ។ ក្នុងនោះ អ្នកកំលោះរូបនេះក៏បានធ្វើដំណើរកម្សាន្តទៅលេងប្រាសាទអង្គរវត្ត ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរថែមទៀតផង។
ដោយឡែក សម្រាប់តារាប្រុស Top ខណៈដែលមកលេងប្រទេសកម្ពុជា ហើយបានទស្សនាប្រាង្គប្រាសាទអង្គរវត្ត និង ទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាប លោកពិតមានអារម្មណ៍រីករាយជាខ្លាំង។
លើសពីនេះទៅទៀត កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុស Top រឹតតែរំភើបចិត្ត ព្រោះលោកមានកិត្តិយសបានជួបផ្ទាល់ជាមួយនឹងសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ដែលជាឧត្តមប្រឹក្សាព្រះមហាក្សត្រ និង សែញាតិវង្សដទៃទៀត ដោយបានរួមតុអាហារជាមួយគ្នាយ៉ាងរីករាយ។
មិនត្រឹមតែជួបជាមួយសែញាតិវង្សសំណេះសំណាល រួមតុអាហារប៉ុណ្ណោះទេ តារាប្រុសរូបនេះក៏បានជួបជាមួយនឹងព្រះនាងតូច នរោត្តម ចេនណា ព្រមទាំងបានថតរូបយ៉ាងស្និទ្ធស្នាលថែមទៀតផង។ យ៉ាងណាមិញ ងាកទៅមើលព្រះនាងតូច ចេនណា វិញ ក្រោយពីបានជួបតារាប្រុស Top ហើយ ព្រះនាងបានទម្លាយអារម្មណ៍រីករាយ និង រំភើបថា ៖ «រីករាយណាស់ជាមួយក្រុមគ្រួសារ និង P @Topiz_js ពីប្រទេសថៃ»៕