តារារៀមច្បង សុះ ម៉ាច ជួបទុក្ខធំ ម្ដាយជាទីស្រឡាញ់ទទួលមរណភាពយប់មិញ
នៅយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ តារាចម្រៀងរៀមច្បង លោក សុះ ម៉ាច បានបង្ហោះដំណឹងដ៏សោកសៅក្រៀមក្រំមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺអ្នកម្ដាយទីគោរពស្រឡាញ់របស់លោក បានទទួលមរណភាពហើយ។
ក្រៅពីប្រកាសដំណឹងដ៏សែនក្រៀមក្រំនេះឱ្យញាតិមិត្តបងប្អូន អ្នកសិល្បៈ និង មហាជនបានដឹង ក្នុងនោះ លោក សុះ ម៉ាច ក៏បានរៀបរាប់នូវពាក្យអាឡោះអាល័យចំពោះអ្នកមានគុណថា ៖ «អ្នកម្តាយរបស់ខ្ញុំលាខ្ញុំរហូតហើយ ម្តាយខ្ញុំទៅជួបលោកឪពុក និង ជីដូនជីតាញាតិការរបស់គាត់ហើយ ម្តាយខ្ញុំផុតកម្មពៀរហើយ។ ជ្រោយចង្វារម៉ោង ១១.១៥ នាទីយប់ថ្ងៃព្រហស្បតិ៍ ជាថ្ងៃខ្ញុំបែកម្តាយគ្មានថ្ងៃជួបគ្មានឮវាចាលោកទៀតឡើយ។ សូមអ្នកម្តាយទៅឱ្យស្ងប់ក្នុងឋានបរមសុគតិភពចុះ។ ជាតិក្រោយកូនសូមជួបអ្នកម្តាយ និង លោកឪពុកទៀត»។
ការប្រកាសដំណឹងមរណទុក្ខមួយនេះ គេឃើញមានអ្នកសិល្បៈ ក៏ដូចជាមហាជននាំគ្នាចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងច្រើនហូរហែ៕