(វីដេអូ) ទម្លាយមុខតារាប្រុសវ័យក្មេង និពន្ធចម្រៀងថ្មីឱ្យ នីកូ បទ «និស្ស័យ» កំពុងផ្ទុះការចាប់អារម្មណ៍
ថ្មីៗនេះ តារាចម្រៀង នីកូ បានធ្វើឱ្យមហាជនអ្នកគាំផ្ទុះការចាប់អារម្មណ៍ជាថ្មីទៀតហើយ ក្រោយពីលោកបានចេញចម្រៀងមួយបទក្រោមចំណងជើងថា «និស្ស័យ» ដែលរៀបរាប់យ៉ាងផ្អែមល្ហែមរវាងស្នេហារបស់យុវវ័យមួយគូ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកបានទស្សនា MV រំភើបចិត្តទៀត គឺ MV នៃចម្រៀងនេះ ដោយមានការសម្តែងពីលោក នីកូ និង តារាស្រីជំនាន់ក្រោយ កញ្ញា ស៊ីន ជេននី ដែលកំពុងតែត្រូវបានមហាជនចាប់ផ្គូផ្គងអ្នកទាំងជាគូនឹងគ្នានោះ។
បទចម្រៀងខាងលើនេះដែរ ជាចំណងដៃចុងឆ្នាំ ២០២២ មុននឹងឈានដល់ឆ្នាំសកល ២០២៣ មកដល់របស់លោក នីកូ។ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រពេញចិត្តនូវការសម្តែងពីលោក នីកូ និង កញ្ញា ស៊ីន ជេននី ជាប្អូនស្រីបង្កើតរបស់កញ្ញា ស៊ីន យូប៊ីន នោះទេ សូម្បីតែអត្ថន័យនៃបទចម្រៀង ក៏ចាក់ដោតចំបេះដូងអ្នកស្តាប់មិនតិចនោះដែរ។
ក្នុងនោះដែរ បទ «និស្ស័យ» របស់លោក នីកូ ត្រូវបានគេដឹងថាជាស្នាដៃនិពន្ធដោយតារាប្រុសវ័យក្មេងរូបសង្ហា គឺលោក ប៉ាក់យ៉ុង ដែលជាតារាប្រុសស្រករក្រោយ កំពុងផ្ទុះប្រជាប្រិយយ៉ាងខ្លាំងផងដែរ។ លើសពីនោះ ស្នាដៃនិពន្ធចម្រៀងនេះ លោក ប៉ាក់យ៉ុង ក៏ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ ដែលទើបតែបោះជំហានចូលសិល្បៈមែន តែលោកពិតជាមានសមត្ថភាពណាស់៕