ស្ងាត់ៗ Bee Namthip ស្រាប់តែបង្ហោះសារក្ដៅចិត្ត ហើយបោះសម្តីអហោសិកម្មទៀត
Bee Namthip គឺជាកំពូលតារាសម្ដែងស្រីជួរមុខម្នាក់ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងក្នុងរង្វង់សិល្បៈថៃ។ ភាគច្រើនតារាស្រី Bee Namthip សម្ដែងជាតួអង្គកាចឆ្នាសឆ្នើម ហើយរាល់រឿងដែលនាងលេងគឺសុទ្ធតែផ្ទុះកក្រើកខ្លាំង និង ទទួលបានស្ងើចសរសើរពីមហាជនក្នុង និង ក្រៅប្រទេស។
គិតមកទល់ពេលនេះ តារាស្រី Bee បានប្រឡូកចូលក្នុងវិស័យសិល្បៈមក ២០ ឆ្នាំហើយ។ ក្នុងរយៈពេលនៃការចូលប្រឡូកនេះ នាងក៏ពើបប្រទះនូវរឿងរ៉ាវមិនតិចនោះដែរ មានទាំងរឿងល្អ និង អាក្រក់។ យ៉ាងណាមិញ ទោះសម្រាប់តារាសម្ដែង Bee ទោះបីជាជួបព្យុះភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយតែ តារាស្រីរូបនេះនៅតែអាចឈរជើងជាប់លើវិថីសិល្បៈ គ្មានឆ្នាំណាមួយដែលបាត់វត្តមាននាងពីកញ្ចក់ទូរទស្សន៍នោះឡើយ។
ដោយឡែក ថ្មីៗនេះស្រាប់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង មិនដឹងជាមានរឿងអ្វីដោយសុខៗស្រាប់តែគេឃើញតារាស្រីរូបនេះចេញមកបង្ហោះសារក្ដៅចិត្ត ហាក់បីដូចមានកំហឹងនឹងនរណាម្នាក់។ តាមរយៈសារនោះតារាស្រី Bee បានបង្ហោះថា ៖ «មានពេលខ្លះក្នុងជីវិតយើងតែងជួបមនុស្សមិនល្អ ហើយយើងក៏បានឃើញពីធាតុពិតរបស់គេដែរ តែថាជីវិតមិនធ្វើដូចគេនោះជីវិតយើងក៏គ្មានថ្ងៃធ្លាក់ចុះដុនដាបឡើយ។ សូមអហោសិកម្មឱ្យណា សាងអីបានហ្នឹងឯង ធ្វើបុណ្យហើយមិនឡើង តែយ៉ាងហោចណាស់ក៏បានធ្វើបុណ្យដាក់ទានឱ្យហើយ»។ ជុំវិញឃើញមានការបង្ហោះបែបនេះ ពិតធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំងដោយពុំដឹងថា Bee កំពុងតែផ្ទុះកំហឹងនឹងនរណាឡើយ៕