អ្នកគាំទ្រផ្តើមសង្ស័យ Angelababy និង Huang Xiaoming ត្រូវរ៉ូវគ្នាវិញ ក្រោយលេចដំរួញនេះ
ក្រោយពីប្តី-ប្រពន្ធតារាសម្ដែងចិន Angelababy និង Huang Xiaoming បានលែងលះគ្នាកាលពីខែមករា ឆ្នាំ ២០២២ រហូតមកដល់ពេលនេះ ស្រាប់តែមានព័ត៌មានចចាមអារ៉ាមថា អ្នកទាំងពីរបានចាប់ដៃសាងគ្រួសារជាមួយគ្នាជាថ្មីម្ដងទៀត បន្ទាប់ពីមានព័ត៌មានលេចឮថា លោក Huang Xiaoming ត្រូវគេឃើញបានចូលទៅវីឡាដ៏ប្រណីតរបស់ Angelababy ទាំងយប់។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គម Weibo របស់ចិន បានប្រទះឃើញការបង្ហោះរូបថតជាលក្ខណៈគ្រួសារក្នុងគណនីផ្ទាល់របស់ លោក Huang Xiaoming ដោយលោកបានរៀបចំធ្វើនំប៉ាវបីជំនាន់ សម្រាប់ពិធីបុណ្យនារដូវរងាស្រដៀងនឹងពិធីចូលឆ្នាំថ្មីដែរ ជាហេតុធ្វើឱ្យមនុស្សជាច្រើនគិតថា Angelababy និង Huang Xiaoming អាចនឹងត្រូវរ៉ូវគ្នាវិញ ដោយសារតាមទំនៀមចាស់នៃគ្រួសារនៅពេលដែលធ្វើពិធីនេះរួមគ្នានឹងលែងមានភាពរកាំរកូសទៀតហើយ។
ក្នុងនោះដែរ ឃើញថាលោក Huang Xiaoming គឺជាអ្នករៀបចំធ្វើនំប៉ាវទាំងនោះ ហើយតារាប្រុសរូបនេះថែមទាំងសរសេរជាសារថា ៖ «រដូវរងាឆ្នាំនេះគឺធ្វើដូចថ្ងៃចូលឆ្នាំថ្មី ថ្ងៃនេះខ្ញុំនឹងធ្វើនំប៉ាវជាមួយក្រុមគ្រួសារ និង មិត្តរួមការងាររបស់ខ្ញុំ ដើម្បីអបអរការជួបជុំគ្នារដូវរងានេះ ជូនពរអ្នកគ្រប់គ្នាឱ្យមានភាពសប្បាយរីករាយ»៕